រំជួលចិត្ត! សុនខសង្គ្រោះរបស់ម៉ិកស៊ិក ប្រឹងបំពេញបេសកកម្មរុករកជនរងគ្រោះនៅតួកគី រហូតអស់បុណ្យ
កងពលទាហាន ក្រុមអ្នកសង្គ្រោះ រួមទាំងប្រជាពលរដ្ឋប្រទេសម៉ិកស៊ិក បាននាំគ្នាសម្ដែងការអរគុណចំពោះសត្វឆ្កែមួយក្បាលឈ្មោះ Proteo ដែលបានតស៊ូរហូតបាត់បង់ជីវិត អំឡុងពេលចុះបេសកកម្មរុករកជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសតួកគី។
កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ លោក Luis Cresencio Sandoval រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសម៉ិកស៊ិក បានប្រកាសពីមរណភាពនៃសត្វឆ្កែសង្គ្រោះមួយក្បាលឈ្មោះ Proteo អំឡុងពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបសលោកប្រធានាធិបតី Andres Manuel Lopez។ លោកបានលើកឡើងថា សត្វឆ្កែមួយក្បាលនោះបានងាប់ ក្រោយតស៊ូប្រឹងប្រែងស្វែងរកជនរងគ្រោះ ដែលកប់ក្រោមគំនរអគារបាក់បែកនៅប្រទេសតួកគី។
ព្រមគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ក៏បានធ្វើការបង្ហោះលើគណនី Twitter របស់លោកផងដែរ សម្ដែងពីការសោកស្ដាយនៅការបាត់បង់សុនខដ៏អស្ចារ្យមួយក្បាលនេះ រួមទាំងសម្ដែងការសរសើរ និង អរគុណចំពោះការខំប្រឹងប្រែងបំពេញបេសកកម្មរបស់វាផងដែរ។
គួរបញ្ជាក់ថា សត្វឆ្កែ Ptroteo គឺជាឆ្កែមួយក្បាល ក្នុងចំណោមឆ្កែជាង ១០ ក្បាលទៀត ដែលបានបញ្ជូនដោយប្រទេសម៉ិកស៊ិក ជាមួយកងពលទាហានចំនួន ១៣០ នាក់ ទៅកាន់ប្រទេសតួកគី ក្នុងបេសកកម្មចុះជួយរុករកជនរងគ្រោះដោយរញ្ជួយដីនៅទីនោះ៕