ចូលដេកក្នុងមឈូស ៨ ពណ៌ ជឿថាកាត់ឆុង នាំលាភនាំជ័យ មហាជនកំពុងផ្ទុះភ្ញាក់ផ្អើល
ខណៈឆ្នាំថ្មីចូលមកដល់ មហាជនជាច្រើននាំគ្នារកវិធីកាត់ឆុង រកវិធីនាំសិរីសួស្តីដើម្បីនាំលាភនាំជ័យមកឱ្យខ្លួន ដែលក្នុងនោះថ្មីៗនេះមានវិធីកាត់ឆុងថ្មីមួយទៀត ដែលជាការដេកក្នុងមឈូស ៨ ពណ៌។
ការកាត់ឆុងមួយនេះ ត្រូវបានគេដឹងថា ត្រូវបានធ្វើឡើងនៅវត្តមួយកន្លែងនាខេត្តសុផាន់បុរី ប្រទេសថៃ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន។ ខាងវត្តបានរៀបចំដាក់ឱ្យមានមឈូសចំនួន ១៦ មឈូស មាន ៨ ពណ៌ ហើយអ្នកដែលមកកាត់ឆុង ត្រូវកាន់ផ្កាឈូកនៅនឹងដៃដូចជាអ្នកស្លាប់ ព្រមទាំងចូលទៅដេកនៅក្នុងនោះ ដោយមានព្រះសង្ឃចាំសូត្រធម៌បង្សុកូលឱ្យ រួចហើយក៏ងើបឡើងមកវិញ មកថ្វាយសង្ឃទាន និង ច្រូចទឹកឱ្យម្ចាស់កម្មម្ចាស់ពារជាកិច្ចបញ្ចប់។
ការដេកក្នុងមឈូសទាំង ៨ ពណ៌នេះ ត្រូវគេជឿថា ជាការល្អដល់ជតាជីវិត ជាការរំដោះគ្រោះ ជាការបន្ថយកម្ម ជាដើម។ ដោយឡែក ក្រៅពីការដេកក្នុងមឈូស ៨ ពណ៌ហើយ នៅវត្តនេះដែរ ក៏មានបដិមាវត្ថុស័ក្តិសិទ្ធិជាច្រើន ដែលមហាជននាំគ្នាមកគោរពបូជាសុំលាភសុំជ័យយ៉ាងណែនតាន់តាប់ផងដែរ៕