បង្រៀនសេកឱ្យចេះនិយាយ ដល់វាចេះពួយហែកកេរ្តិ៍ម្ចាស់ប្រុសប្រាប់ម្ចាស់ស្រីខ្ទេច សូម្បីរឿងមានសាហាយ
សត្វសេក គឺជាសត្វបក្សីមួយប្រភេទដែលមានភាពវៃឆ្លាត ហើយក៏មានមនុស្សមួយចំនួននិយមចិញ្ចឹមវានៅផ្ទះទុកជាមិត្តកំដរ និង ជាសមាជិកគ្រួសារមួយរូប។ ដោយភាគច្រើនអ្នកដែលចិញ្ចឹមសត្វសេក គេតែងបង្ហាត់វាឱ្យចេះនិយាយ ដើម្បីបានជជែកកម្សាន្ត។
យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែសត្វសេកមួយចេះពេក រហូតទម្លាយរឿងអាថ៌កំបាំងម្ចាស់ប្រុសខ្លួនខ្ទេចប្រាប់ស្ត្រីជាភរិយា សូម្បីតែរឿងលួចលាក់ស្នេហាជាមួយស្រីអ្នកបម្រើ ហើយវាបានក្លាយជាសាក្សីសំខាន់ក្នុងការដាក់ពាក្យប្ដឹងលែងលះ។
តាមរយៈស្ត្រីជាភរិយាបានរៀបរាប់ឱ្យដឹងថា ៖ «នាងបានយកស្ត្រីមកពីជនបទម្នាក់ មកនៅជាមួយដោយក្មេងបម្រើម្នាក់នោះ មានអាយុក្មេងជាង ១០ ឆ្នាំ តែជាមនុស្សស្លូត ពូកែនិយាយ និង ធ្វើការផ្ទះបានល្អ។ អ្វីដែលមិននឹកស្មាន ស្រាប់តែថ្ងៃមួយសេករបស់នាងចាប់ផ្ដើមនិយាយពាក្យចម្លែកៗ ជាពិសេសនិយាយតែពាក្យស្នេហាអូនបងលើគ្រែ ហើយក៏មាន «ប្រយ័ត្នប្រពន្ធទាន់ៗ…នាងមិនដឹងទេៗ…» ជាដើម»។
«ដោយកើតការសង្ស័យខ្លាំងពេក ស្ត្រីជាភរិយាក៏បានលួចដាក់កាមេរ៉ាបង្កប់ក្នុងបន្ទប់ ដោយដាក់ទាំងបន្ទប់នាងផ្ទាល់ និង បន្ទប់អ្នកបម្រើ។ មួយសប្ដាហ៍ក្រោយនាងចាប់បានថា ប្ដីនាងពិតជាមានស្រីពិតមែន ហើយមិនមែនជាអ្នកណាឆ្ងាយ តែជាអ្នកបម្រើក្នុងផ្ទះនោះឯង ដោយមានភស្តុតាងច្បាស់ៗ។ ក្រោយដឹងរឿងអាថ៌កំបាំងប្ដី នាងបានបញ្ជូនអ្នកបម្រើទៅស្រុកវិញ ដោយឱ្យលុយមួយចំនួន ហើយក៏បានដាក់ពាក្យលែងលះបុរសជាស្វាមី ដោយពោលថា បន្ទាប់ពីនេះនាងមិនខ្វល់ទេថាប្ដីនាងទៅសាងស្នេហ៍ជាមួយអ្នកណា ឬ ចាប់ផ្ដើមថ្មីជាមួយស្រ្តីជាអ្នកបម្រើ តែនាងចាប់បានប្ដីក្បត់ផិត ហេតុដូចនេះទ្រព្យសម្បត្តិទាំងអស់នាងមានសិទ្ធិក្នុងការទាមទារយក»៕