យាយអាយុ ៦០ ឆ្នាំ ត្រូវឆ្មាចិញ្ចឹមខាំ រហូតក្លាយជាដំបៅរលួយ បើទុកយូរបន្តិចអាចត្រូវកាត់ជើងចោលមួយចំហៀង
ថ្មីៗនេះមានរឿងរ៉ាវមួយត្រូវបានគេកំពុងចែកចាយជាឧទាហរណ៍សម្រាប់អ្នកចិញ្ចឹមសត្វ ដោយមានយាយម្នាក់ត្រូវឆ្មារបស់ខ្លួនខាំរហូតមានដំបៅឈឺចាប់ខ្លាំង រត់ទៅរកពេទ្យសឹងគ្រប់ពេទ្យ ប៊ិះនឹងត្រូវកាត់ជើងចោលទៀត។
រឿងរ៉ាវមួយនេះបានកើតឡើងទៅលើលោកយាយម្នាក់អាយុ ៦០ ឆ្នាំ ជាអ្នកខេត្តសាមុទ្រប្រាកាន ប្រទេសថៃ ដែលលោកយាយបានឱ្យដឹងថា ខ្លួនត្រូវបានឆ្មាចិញ្ចឹមអាយុ ៣ ឆ្នាំ ខាំត្រូវកំភួនជើងខាងស្តាំ តាំងពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ដោយមានជាប់ស្នាមចង្កូម ៤ ក្នុងនោះ ២ ចង្កូម មុតជ្រៅខ្លាំងជាងគេ។
ខណៈពេលដែលវាបានខាំនោះ ជើងរបស់ខ្លួនមានឈាមហូរដាបពាសពេញ ថែមទាំងឈឺចាប់ខ្លាំងណាស់ ហើយក៏ប្រញាប់ទៅរកពេទ្យភ្លាមៗដែរ ដែលគេបានចាក់វ៉ាក់សាំងឱ្យ ព្រមទាំងឱ្យថ្នាំមកលេបទៀត តែអាការឈឺចាប់នៅតែមិនបាត់ឡើយ ទើបសម្រេចទៅរកពេទ្យមួយទៀត។ លើកនេះក៏មិនខុសពីលើកមុន ជើងនៅតែឈឺមិនបាត់ ថែមទាំងមានហើមចេញខ្ទុះ និង មានក្លិនស្អុយទៀត ទើបនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ខ្លួនក៏បានទៅរកពេទ្យឯកជនម្តង។
ក្នុងនោះ គ្រូពេទ្យបានឱ្យដឹងថា របួសបានឆ្លងមេរោគរហូតដល់ស្អុយរលួយទៅហើយ គេបានវះកាត់យកខ្ទុះ ឈាមចេញពីបរិវេណនោះ និង ធ្វើការសម្អាតជារៀងរាល់ថ្ងៃ ព្រមទាំងឱ្យដឹងទៀតថា បើសិនជាទុកយូរជាងនេះ អាចនឹងធ្វើឱ្យមេរោគស៊ីអស់ទាំងជើង ដល់ថ្នាក់អាចនឹងកាត់ជើងមួយចំហៀងនេះចោលតែម្តង វាពិតជាគ្រោះថ្នាក់ណាស់។
យ៉ាងណាមិញ របួសរបស់លោកយាយនៅត្រូវគ្រូពេទ្យតាមដានរាល់ថ្ងៃ ហើយលោកយាយក៏បានដាស់តឿនដែរថា អ្នកចិញ្ចឹមសត្វតូចធំគួរឱ្យតែប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះថារបួសតិចតួចយ៉ាងណា ក៏ត្រូវប្រញាប់ទៅរកពេទ្យដែរ៕