រាកពីព្រឹកទល់ល្ងាចជាង ២០ ដង រហូតចូលសង្រ្គោះបន្ទាន់ ស្រាប់តែរំលងប៉ុន្មានថ្ងៃ ម្រាមដៃជើងឡើងខ្មៅស្វិត ត្រូវកាត់ចោល
ថ្មីៗនេះ មានបុរសម្នាក់បានចេញមកទម្លាយរឿងរ៉ាវរបស់ភរិយាខ្លួន ដែលដល់ថ្នាក់ត្រូវកាត់ម្រាមដៃម្រាមជើងចោលអស់ ក្រោយពីកើតអាការរាករូសយ៉ាងខ្លាំង។
រឿងមួយនេះ បានកើតឡើងនៅប្រទេសថៃ ដោយបុរសជាប្តីបានរៀបរាប់ឱ្យដឹងថា កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ភរិយារបស់ខ្លួនបានរាករូសខ្លាំងណាស់ ដល់ទៅជាង ២០ ដង តាំងពីព្រឹកដល់ល្ងាច ទើបប្រញាប់បញ្ចូនទៅមន្ទីរពេទ្យ។ ទៅដល់ដល់មន្ទីរពេទ្យ ស្រាប់តែត្រូវចូលសង្រ្គោះបន្ទាន់ ព្រោះក្រលៀនលែងធ្វើការទៅហើយ។ ក្រោយមកគេបានយកឯកសារវះកាត់មកឱ្យប្តីស៊ីញ៉េ ប្តីក៏បានស៊ីញ៉េ តែមិនដឹងថាវះកាត់អ្វីឱ្យចំនោះទេ ស្មានថាជាការវះកាត់រក្សាព្យាបាលធម្មតា។
យ៉ាងណាមិញ ក្រោយពីវះកាត់មក ខាងមន្ទីរក៏មិនសូវអើពើឡើយដោយអាងថាចំថ្ងៃសម្រាកធំជាបុណ្យចូលឆ្នាំ ស្រាប់តែដល់ថ្ងៃពេទ្យមកធ្វើការវិញ ម្រាមដៃម្រាមជើងរបស់ភរិយា ក៏ចាប់ផ្តើមទៅជាងាប់អស់ ខ្មៅស្វិតក្រៀមស្ទើរទាំងស្រុង ឯម្ចាស់ខ្លួនក៏និយាយស្តីមិនដឹងរឿងទៀត។
ដោយឡែក ខាងពេទ្យបានឱ្យដឹងថា ភរិយាកំពុងតែឆ្លងមេរោគក្នុងសរសៃឈាម ឯម្រាមដៃម្រាមជើងទៅជាបែបនេះ ព្រោះតែខ្វះអុកស៊ីសែនទៅចិញ្ចឹម ហើយព្យាបាលមិនកើតនោះទេ ទាល់តែកាត់ចោលទើបបាន។ មកទល់ពេលនេះ ភរិយាលោកក៏បានកាត់ម្រាមដៃម្រាមជើងចោលអស់ហើយ តែបុរសជាប្តីមិនអស់ចិត្តឡើយ មិននឹកស្មានថាគ្រាន់តែរាកសោះ ដល់ថ្នាក់អស់ម្រាមដៃម្រាមជើងបែបនេះឡើយ ហើយក៏មិនដឹងទៅនិយាយពិភាក្សាជាមួយនរណា ទើបមកផុសនៅតាមបណ្តាញសង្គមបែបនេះ៕