គំរូល្អ! ពិធីជប់លៀងមង្គលការ ដួង ម៉ានិច ល្ងាចនេះ នឹងមិនពិសាគ្រឿងស្រវឹងឡើយ
បន្ទាប់ពីរៀបចំកម្មវិធីសុំរៀបការនៅឆ្នេរអភិជនមួយកន្លែងនាក្រុងព្រះសីហនុ កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនោះ តារាប្រុស Lyderzz និង ស្រីស្អាត ដួង ម៉ានិច បានរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែររួចមកហើយកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ ក្នុងនោះ អ្នកទាំង ២ ក៏បានចុះសំបុត្រអាពាហ៍ពិពាហ៍ ក្លាយជាប្តីប្រពន្ធស្របច្បាប់ហើយដែរ។
យ៉ាងណាមិញ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នេះ គូស្វាមីភរិយាថ្មីថ្មោងខាងលើ ក៏បានរៀបចំពិធីជប់លៀងនៅឯមាត់ឆ្នេរយ៉ាងអភិជន ជួបជុំភ្ញៀវកិត្តិយស និង មិត្តភក្តិ ដើម្បីអបអរសាទរដល់ខ្លួនផងដែរ។
អ្វីដែលចាប់អារម្មណ៍ តាមរយៈសំបុត្រអញ្ចើញភ្ញៀវកិត្តយសនោះដែរ ដួង ម៉ានិច និង លោក Lyderzz បានបញ្ជាក់ និង មានការសុំទោសទុកជាមុនថា ពិធីជប់លៀងមង្គលការរបស់អ្នកទាំង ២ គឺមិនមានការបរិភោគគ្រឿងស្រវឹងនោះទេ។
ក្នុងនោះ មហាជនជាច្រើន ក៏បានសរសើរដល់តារាប្រុសស្រីទាំង ២ ដែលរៀបចំកម្មវិធីបែបនេះ ដើម្បីចូលរួមចំណែកការកាត់បន្ថយការពិសាគ្រឿងស្រវឹង៕
រូបភាព៖ Image Hunter Photography