បានទៅកុំភ្លេចចូល! ហាងកាហ្វេមួយកន្លែងនៅមណ្ឌលគិរី បរិយាកាសស្រស់ស្រាយ មើលមួយភ្លែតស្មានតែស្រុកគេ
ខេត្តមណ្ឌលគិរី ដែលមានចម្ងាយប្រមាណ ៣៨១,៩៤ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៅកម្ពុជា ដែលមានកន្លែងកម្សាន្តបែបធម្មជាតិ ដូចជាតំបន់ទឹកជ្រោះ ដែនជំរកសត្វព្រៃ ចំការស្រល់ ភូមិជនជាតិភាគតិច និង តំបន់ភ្នំធំតូចជាច្រើន។
មិនតែប៉ុណ្ណោះ ឈានចូលមកដល់រដូវវស្សានេះ ខេត្តមណ្ឌលគិរី ចាប់ផ្ដើមមានអាកាសធាតុត្រជាក់ លាយឡំដំណក់ទឹកភ្លៀងស្រោចស្រពពេញផ្ទៃដីគួរជាទីចាប់ចិត្ត ដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅទីនោះ ស្រូបយកខ្យល់អាកាសពីកំពូលភ្នំ បំភ្លេចចោលនូវរាល់ទុក្ខកង្វល់ផ្សេងៗ។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវហាងកាហ្វេ ១ កន្លែង ដែលប្រិយមិត្តទៅកម្សាន្តទឹកដីខ្ពង់រាបនេះមិនគួរមើលរំលង ដែលស្ថិតនៅជិតមាត់អូរ មានទេសភាពស្រស់ត្រកាល មានឈ្មោះថា «Botanica Cafe»។
ស្ថិតនៅចម្ងាយត្រឹមតែ ១ គីឡូម៉ែត្រប៉ុណ្ណោះ ពីវិមានឯករាជ្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី «Botanica Cafe» ជាហាងកាហ្វេបែប Outdoor ដែលមានដើមឈើធំតូច និងផ្កាចម្រុះពណ៌ដុះជុំវិញ គួរជាទីមនោរម្យសម្រាប់ទទួលកាហ្វេ ក៏ដូចជាភេសជ្ជដែលខ្លួនចូលចិត្ត។ អ្វីដែលកាន់តែពិសេសទៀតនោះ ហាងកាហ្វេដ៏ស្រស់ស្អាតនេះ សាងសង់ឡើងនៅក្បែរមាត់អូរ ធ្វើឱ្យអ្នកអារម្មណ៍ត្រជាក់ និងស្រស់ស្រាយខ្លាំង រសាយអស់នូវរាល់ទុក្ខកង្វល់នានា៕