មហាជនរិះគន់ទើបប្រកាសចែកផ្លូវគ្នា ពេលនេះ Jack Fanchan និង សង្សារត្រូវគ្នាវិញស្អិតល្មួតលើសដើម
ទើបតែបើកចំហចំណងស្នេហ៍ថ្មីបានប្រមាណ ៤ ខែ ជាមួយនឹងតារាសម្ដែង និង បង្ហាញម៉ូដប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ នាង Baihmon Kittiya Jitpakdee ខណៈនេះអ្នកកំលោះ Jack Fanchan បានសុំគូស្នេហ៍រៀបការហើយកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនៅប្រទេសជប៉ុន។
ជាមួយនឹងការរកឃើញស្នេហ៍ពិត និង លុតជង្គង់សុំសង្សាររៀបការយ៉ាងរ៉ូមែនទិកនៅប្រទេសជប៉ុននោះ បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ព្រោះថាកន្លងមកអ្នកកំលោះ Jack Fanchan បានឆ្លងកាត់ការឈឺចាប់រឿងរ៉ាវបេះដូងមកជាច្រើនលើកច្រើនសា។
ដោយឡែក ទើបតែសុំរៀបការមិនទាន់បានប៉ុន្មានផង ស្រាប់តែត្រឡប់មកប្រទេសថៃវិញ គូស្នេហ៍មួយគូនេះក៏ប្រកាសចែកផ្លូវគ្នាដែលនាំឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។ ទន្ទឹមនឹងនោះ គ្រាន់តែប្រកាសចែកផ្លូវបានគ្នាបានប៉ុន្មានផង ស្រាប់តែ Jack ប្រកាសថាត្រូវគ្នាវិញ ថែមទាំងស្និទ្ធស្នាលផ្អែមល្ហែមលើសដើមទៀតផង។ ក្នុងនោះ Jack ក៏បានសុំទោសមហាជនដែរ ព្រោះថារឿងរ៉ាវស្នេហារបស់អ្នកទាំងពីរមានការយល់ច្រឡំគ្នាបន្តិចបន្ទួចប៉ុណ្ណោះ។
យ៉ាងណាមិញ ងាកទៅមើលមហាជនវិញ ក៏បាននាំគ្នាផ្ទុះការរិះគន់ជាខ្លាំង ព្រោះមើលទៅ Jack ហាក់ជាលេងសើចយករឿងបែកគ្នាមកសម្ដែង និង ចង់ល្បីខុសទំនង។ ជាមួយគ្នានោះ សម្រាប់ Jack ក៏បានចេញមកបកស្រាយថា ៖ «លោកពិតជាសុំទោសពិតមែន ថ្ងៃក្រោយលោកនឹងចិត្តត្រជាក់ជាងហ្នឹង ហើយលោកក៏ពុំបានយករឿងនោះមកសម្ដែងដែរ»។ លើសពីនោះ តារាស្រី Baihmon ក៏បានទម្លាយបន្ថែមថា ៖ «អ្នកទាំងពីរមិនបានករឿងបែកគ្នា និង អារម្មណ៍បែបនោះមកធ្វើជា Content ចង់ល្បីនោះទេ សូមអរគុណ»៕