ជំនឿបុរាណ! បើមានខ្លែងធ្លាក់ចំដំបូលផ្ទះគេ ម្ចាស់ខ្លែងដាច់ខាតត្រូវធ្វើរឿងទាំងនេះភ្លាមៗដល់ម្ចាស់ផ្ទះ បញ្ជៀសភាពអពមង្គល
នៅកម្ពុជា ចាប់តាំងពីសម័យបុរាណ ខ្លែងដែលល្បីល្បាញ និង សំខាន់ជាងគេ គឺខ្លែងឯក ព្រោះថាវាអាចបន្លឺសំឡេងបានយ៉ាងពិសេសប្លែក។ ទន្ទឹមនឹងភាពសប្បាយរីករាយ ការបង្ហើរខ្លែងនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដ្បិតចាស់បុរាណមានជំនឿថា ការដែលខ្លែងដែលបង្ហើរនោះធ្លាក់ចំលើផ្ទះអ្នកដទៃ នោះគឺជារឿងអពមង្គល។
ទាក់ទិនទៅនឹងរឿងនេះ បើតាមការឱ្យដឹងពីផេក «បុរាណាចារ្យ» បានឱ្យដឹងថា មនុស្សសម័យដើមយល់ថា ការដែលខ្លែងធ្លាក់ចំដំបូលផ្ទះ គឺប្រៀបបាននឹងសត្វបក្សីព្រៃ ឬ បក្សីអពមង្គល ដូចជា ខ្លែងស្រាក ខ្លែងកូក ខ្លែងខ្មោច ហើរមកទំលើដំបូលផ្ទះអ៊ីចឹងដែរ ជាពិសេសគឺខ្លែងឯកដែលមានសំឡេងបន្លឺចេញមកក្រៅ។ ហេតុនេះម្ចាស់ផ្ទះ និង គ្រួសារ អាចនឹងមានគ្រោះកើតជាជំងឺតម្កាត់ផ្សេងៗ ឬ អាចរហូតដល់ស្លាប់បាត់បង់ជីវិត ប្រឈមនឹងការបាត់បង់សត្វចិញ្ចឹមសត្វពាហនៈ និង ទ្រព្យសម្បត្តិផ្សេងៗដែលជារបស់ម្ចាស់ផ្ទះ ហេតុដូច្នេះប្រសិនបើអ្នកណាធ្វើឱ្យខ្លែងដាច់ធ្លាក់ចំដំបូលផ្ទះគេ អ្នកនោះត្រូវយកគ្រឿងពលិការទៅជូនដល់ម្ចាស់ផ្ទះគេដើម្បីបញ្ចៀសគ្រោះ។
ជាក់ស្ដែង នៅសម័យបុរាណ គេមានច្បាប់ស្តីការបង្ហើរខ្លែងដោយចែងថា ប្រសិនបើអ្នកណាធ្វើបង្ហើរខ្លែងរបស់ខ្លួនហើយទៅជ្រុះចំឯផ្ទះគេ ប្រសិនបើជាខ្លែងឯកមានសំឡេងត្រូវចាត់ទុកថា ស្មើនឹងសត្វបក្សីព្រៃមកទំលើផ្ទះគេ ម្ចាស់ខ្លែងត្រូវរៀបចំគ្រឿងពលិការផ្សេងៗមានដូចជា ប្រាក់ ១ បាត អង្ករ ១ ផ្តិល សំពត់ស ១ ដុំ ទៀន ៤ ដើម ស្រាស ២ ដប ទឹកអប់ ២ ដប ផ្លែឈើ ៤ ស្លាជម ៤ ដើម្បីជូនម្ចាស់ផ្ទះបញ្ចៀសគ្រោះ។
ក្នុងករណីនេះ ប្រសិនបើមិនរៀបចំជូនគេទេ ក្នុងរយៈកាល ៣ ខែបន្ទាប់ពីខ្លែងធ្លាក់នោះ ហើយម្ចាស់ផ្ទះស្រាប់តែមានគ្រោះថ្នាក់ មានជំងឺមកបៀតបៀន គ្រោះថ្នាក់រហូតដល់ស្លាប់ម្ចាស់ផ្ទះ កូនប្រពន្ធ ឬ ខ្ញុំកំដរក្តី បាត់បង់សត្វពាហនៈសត្វចិញ្ចឹមផ្សេងៗ ឬ មានចោរលួចទ្រព្យសម្បត្តិដោយប្រការណាមួយក្តី ម្ចាស់ខ្លែងត្រូវតែទទួលខុសត្រូវនិងសងទៅគេវិញ តែបើរំលង ៣ ខែហើយត្រូវចាត់ទុកជាមោឃៈ៕
ប្រភព ៖ បុរាណាចារ្យ