ប្រវត្តិដ៏អស្ចារ្យបដិមា «ព្រះជិនរង្សីរាជិកនរោត្តម» ទម្ងន់ ៩០ គីឡូ គង់ក្នុងព្រះវិហារព្រះកែវមរកត នៃរាជវាំងខ្មែរ
ប្រសិនបើយើងបានទៅទស្សនានៅព្រះបរមរាជវាំងចតុម្មុខមង្គល និង បានឆ្ពោះទៅដល់ព្រះវិហារព្រះកែវមរកតរតនារាម ដែលស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំងនោះ យើងនឹងបានឃើញព្រះបដិមាឈរដ៏ធំមួយព្រះអង្គក្នុងព្រះវិហារ ដែលសាងឡើងអំពីមាសសុទ្ធ និង មានរំលេចត្បូងពេជ្រជាច្រើនអនេក ។
បដិមាដែលគង់ឈរសម្ញែងឫទ្ធាអំណាចប្រោសសត្វក្នុងព្រះវិហារព្រះកែវមរកតនោះ មានឈ្មោះ «ព្រះជិនរង្សីរាជិកនរោត្តម» សង់ពីមាសសុទ្ធមានទម្ងន់ ៩០ គីឡូក្រាម ទ្រង់តាំងក្នុងបុស្បុកធំមួយ ដែលសាងឡើងដោយព្រះករុណា ព្រះបាទសម្តេច ព្រះសិរីសុវត្ថិ ព្រះរាជានុកោដ្ឋ តាមព្រះរាជបណ្ដាំនៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម ព្រះសុវណ្ណកោដ្ឋ ដែលជាសម្ដេចព្រះជេដ្ឋា ក្រោយព្រះអង្គសុវណ្ណគត ។
ព្រះពុទ្ធរូបនេះមានកម្ពស់បល្ល័ង្ក ៤៩ សង់ទីម៉ែត្រ កម្ពស់បដិមា ១៦០ សង់ទីម៉ែត្រ កម្ពស់ព្រះមហាមកុដ ៤៨ សង់ទីម៉ែត្រ ទំហំអង្គព្រះបដិមា ៧៩ សង់ទីម៉ែត្រ កម្ពស់ស្វេតច្ឆ័ត្រ ៤៥១ សង់ទីម៉ែត្រ សាងពីមាសសុទ្ធសរុបទម្ងន់ ២៤០០ តម្លឹង (រួមទាំងជើងទ្រ និង ឆ័ត្ររួតខាងលើ) ស្មើនឹង ៩០ គីឡូក្រាម ព្រមទាំងមានដាំត្បូងពេជ្រទាំងតូចទាំងធំសរុបទាំងអស់ ២០៨៦ គ្រាប់ពេជ្រ ហើយត្បូងដែលធំជាងគេគឺស្ថិតនៅលើមកុដមានទំហំ ២៥ លី និង បន្ទាប់មកពេជ្រនៅលើព្រះសុរងមានទំហំ ២០ លី ។
ព្រះពុទ្ធរូបនេះត្រូវបានរចនាឱ្យមានទំហំ និង កម្ពស់ដូចនឹងអង្គព្រះករុណា ព្រះសុវណ្ណកោដ្ឋ ដោយមានលម្អត្បូងពេជ្រ ត្បូងទទឹម និង ត្បូងមរកត ជាច្រើនអនេក ។ រួមតម្លៃទាំងមាស និង ត្បូងទាំងអស់ ចំណាយថវិការអស់ ២៥៩ ៥៥៥ រៀល និង ៦០ សេន (តម្លៃប្រាក់ជំនាន់នោះ) ។ នេះបើតាមប្រភព បូរាណាចារ្យ បានបង្ហាញកន្លងទៅនេះ ។
គួរឱ្យដឹងដែរថា ព្រះពុទ្ធរូបអង្គនេះសាងឡើងក្នុងគ.ស.១៩០៤ ដោយព្រះករុណា ព្រះបាទសម្ដេច ព្រះសិរីសុវត្ថិ ចមចក្រពង្ស ព្រះរាជានុកោដ្ឋ តាមព្រះរាជបណ្ដាំរបស់ព្រះបាទសម្ដេច ព្រះនរោត្ដម ព្រហ្មបរិរក្ស ព្រះសុវណ្ណកោដ្ឋ ជាព្រះជេដ្ឋាធិរាជ ដោយមុនពេលព្រះអង្គចូលសុវណ្ណគត (ព្រះសុវណ្ណកោដ្ឋ) ព្រះអង្គមានព្រះរាជបន្ទូលផ្ដាំថា «ក្រោយពេលថ្វាយព្រះភ្លើងព្រះអង្គហើយ ត្រូវយកកោដ្ឋមាសមករំលាយដើម្បីធ្វើព្រះពុទ្ធរូបមួយព្រះអង្គតំណាងឱ្យព្រះស្រីអារ្យមេត្រី» ។
ព្រះករុណា ព្រះរាជានុកោដ្ឋ ដែលបានឡើងគ្រងរាជ្យបន្តពីព្រះជេដ្ឋានោះ ព្រះអង្គក៏បានចាត់ចែងតាមព្រះរាជបណ្ដាំដោយសាងព្រះពុទ្ធរូបនេះឡើង ដើម្បីឧទ្ទិសមគ្គផលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម (ព្រះសុវណ្ណកោដ្ឋ) សូមឱ្យព្រះអង្គបានទាន់ព្រះស្រីអារ្យមេត្រី ក្នុងឆ្នាំ ៥០០០ នៃពុទ្ធសករាជ ហើយបានព្រះរាជទានព្រះនាមព្រះពុទ្ធរូបអង្គថ្មីនៃព្រះនគរនេះថា «ព្រះជិនរង្សីរាជិកនរោត្ដម» និង លុះដល់ថ្ងៃពុធ ទី ១០ ខែមីនា ឆ្នាំ ១៩០៨ ទើបប្រារព្ធព្រះរាជពិធីដង្ហែ និង អភិសេកព្រះពុទ្ធរូបអង្គនេះមកដម្កល់ក្នុងព្រះឧបោសថរតនារាម ព្រះកែវមរកតជាទីសក្ការៈបូជា រហូតមកដល់សព្វថ្ងៃនេះ ៕