តស់ដឹង! នេះជាក្បួនហុងស៊ុយកាបូបលុយឆ្នាំ ២០២៤ ដែលអាចទាក់ទាញលុយចូលចាយមិនអស់
ហុងស៊ុយ គឺសិល្បៈ និង វិទ្យាសាស្ត្ររបស់ចិនបុរាណ ដែលបង្រៀនអំពីរបៀបធ្វើឱ្យថាមពលជុំវិញខ្លួនស្របគ្នាជាមួយនឹងថាមពលរបស់មនុស្ស។ តួយ៉ាង ការអនុវត្តហុងស៊ុយកាបូបលុយទៅតាមគោលការណ៍ វាអាចជួយទាក់ទាញលុយ ក៏ដូចជាទ្រព្យសម្បត្តិឱ្យហូរចូលដូចទឹកសម្បូរសប្បាយចាយមិនអស់។
ជាពិសេសនៅក្នុងឆ្នាំ ២០២៤ នេះគឺជាឆ្នាំរោង ឬ ចិនហៅថា នាគឈើ (wood dragon) ដែលជាសត្វពោរពេញទៅដោយថាមពល និង ជានិមិត្តសញ្ញាសំណាងនាំមកនូវលាភសំណាង សំណាងល្អ ភាពជោគជ័យ និង ភាពរុងរឿង។ ពណ៌នាំសំណាងនៅក្នុងឆ្នាំ ២០២៤ គឺពណ៌បៃតង។ ពណ៌នេះតំណាងឱ្យភាពរីកចម្រើន និង ក្លៀវក្លា។ តាមរយៈការចង្អុលបង្ហាញរបស់ Master Steven Chen ដែលជាគ្រូហុងស៊ុយ និងហោរាចិនល្បីឈ្មោះ លោកបានបង្ហាញពីរបៀបបង្កើតហុងស៊ុយឱ្យកាបូបលុយសម្រាប់ឆ្នាំថ្មីនេះដូចខាងក្រោម ៖
ជំហានទី ១ ៖ ជ្រើសរើសកាបូបដែលល្អបំផុតសម្រាប់ឆ្នាំ ២០២៤
ដើម្បីរៀបចំហុងស៊ុយកាបូបលុយ ជំហានដំបូងត្រូវជ្រើសរើសកាបូបលុយថ្មីមួយ ឬ ទិញកាបូបថ្មីមួយដែលល្អបំផុតសម្រាប់ឆ្នាំ ២០២៤។ កាបូបលុយគួរតែធ្វើឡើងពីវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ដូចជា ស្បែក ក្រណាត់ ឬ វត្ថុធាតុល្អប្រណីតផ្សេងៗ។ ចំពោះម៉ូដកាបូប គួរជ្រើសរើសម៉ូដណាតែផ្តល់ភាពងាយស្រួលសម្រាប់ការដាក់ និង ដក ហើយមានសុវត្ថិភាពមិនងាយរបូតចេញ។ សំខាន់កាបូបត្រូវតែស៊ីចង្វាក់គ្នាទៅនឹងស្ទីលផ្ទាល់ខ្លួន ហើយបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកប្រើប្រាស់។
ចំណោមម៉ូដកាបូបលុយ មានម៉ូដកាបូបមួយចំនួនដែលអាចត្រូវគ្នាទៅនឹងឆ្នាំរោងដូចជា កាបូបបត់ កាបូបរូត ឬ កាបូបកឹប។ កាបូបម៉ូដប្រភេទនេះស្អាត មើលទៅសាមញ្ញនិយម អេឡេហ្គង់ និង ឆ្លាតវៃ។ អ្វីដែលសំខាន់បំផុតនៃការជ្រើសរើសកាបូបលុយនោះគឺ ពណ៌។ ឆ្នាំ ២០២៤ នេះ ពណ៌ហុងស៊ុយដែលល្អបំផុតសម្រាប់កាបូបគឺពណ៌បៃតង។ អ្នកអាចប្រើកាបូបពណ៌បៃតងក៏បាន ឬ ត្រឹមមានចំណែកណាមួយនៃកាបូបមានពណ៌បៃតងក៏បាន។ អាចជា ឡូហ្គូ (Logo) ពណ៌បៃតង ឬ ម៉ូដឆ្នូតពណ៌បៃតង ឬ រូតពណ៌បៃតង ជាដើម។
ពណ៌បៃតងគឺជាពណ៌សំណាងសម្រាប់ឆ្នាំ ២០២៤ វាជានិមិត្តរូបនៃធាតុឈើ និង ថាមពលនៃនាគ។ ពណ៌បៃតងក៏តំណាងឱ្យ លុយ ភាពសម្បូរបែប និង ភាពរីកចម្រើន។ កាបូបពណ៌បៃតងនឹងអាចជួយទាក់ទាញលុយ និង ឱកាសជាច្រើនឱ្យចូលមកក្នុងជីវិតក្នុងឆ្នាំ ២០២៤។
ប្រសិនបើអ្នកចង់ទិញកាបូបថ្មី ថ្ងៃទិញដែលល្អបំផុត គឺទិញឱ្យបានមុនថ្ងៃទី ៤ ខែកុម្ភៈ ដែលអំឡុងនេះគេហៅថា លី ឆ័ន (立春 ) ជាពេលដែលចាប់ផ្តើមនិទាឃរដូវនៃឆ្នាំតារាសាស្ត្ររបស់ចិន។ ការមានកាបូបពណ៌បៃតងនៅក្នុងអំឡុងឆ្នាំតារាសាស្ត្រនេះ អាចនាំមកនូវសំណាង និង ភាពរុងរឿង។
ជំហានទី ២ ៖ រៀបចំកាបូបឱ្យស្អាត និងរៀបរយ
ជំហានបន្ទាប់ក្នុងការរៀបចំហុងសុយកាបូបលុយ គឺត្រូវរៀបចំ និង បែងចែកលុយកាសឱ្យបានរៀបរយ។ កាបូបលុយត្រូវតែស្អាត និង មានរបៀបរៀបរយ។ ប្រសិនបើកាបូបដាក់លុយ និង របស់រញ៉េរញ៉ៃ វាអាចបិទបាំងលំហូរចូលនៃលុយ និង ថាមពល។ ភាពគ្មានសណ្តាប់ធ្នាប់ក្នុងកាបូបលុយអាចបង្កើតជាស្ត្រេស ការភាន់ច្រឡំ និង រាំងស្ទះ។ របស់របរក្នុងការបូបទាំងប៉ុន្មានដូចជា លុយក្រដាស កាក់ កាត និង វិក្កយបត្រ អ្នកត្រូវរៀបចំឱ្យរៀបរយតាមផ្នែកនីមួយៗឱ្យបានជាប្រចាំ ហើយទុកដាក់កន្លែងដែលមានសុវត្ថិភាព។ សម្រាប់លុយក្រដាស គួរជៀសវាងបត់ ឬ ខ្ញីខ្ញុកដែលវាជាការមិនឱ្យតម្លៃលុយ និង កាន់បន្ថយតម្លៃរបស់លុយ។ ចំណែកឯកាក់ គួរដាក់នៅច្រកដាច់ដោយឡែកពីគេ ក៏ព្រោះនៅក្នុងហុងស៊ុយ កាក់តំណាងឱ្យទ្រព្យសម្បត្តិ និង ភាពរុងរឿង។ ដូច្នេះគួរតែឱ្យតម្លៃ និងថែរក្សាវាឱ្យបានល្អបំផុត។
ជារួមមក សម្រាប់ឆ្នាំ ២០២៤ ការរៀបចំហុងស៊ុយកាបូបលុយគឺផ្តោតទៅលើចំណុចសំខាន់ធំៗតែពីរប៉ុណ្ណោះ ទីមួយគឺការជ្រើសរើសកាបូបដែលល្អមកជាមួយវត្ថុធាតុដើមមានគុណភាព និង មួយទៀត ការរៀបចំកាបូបឱ្យមានរបៀបរៀបរយជាប្រចាំ។ អ្វីដែលមិនគួរភ្លេចផងនោះ ក្នុងឆ្នាំថ្មីនេះពណ៌ដែលហុងស៊ុយបំផុតគឺពណ៌បៃតង៕