មកដឹងគ្រឿងរណ្ដាប់ និង ពេលវេលាសែនជំនាងផ្ទះ ក្នុងថ្ងៃសែនចិន ២០២៣
ថ្ងៃសែនចូលឆ្នាំចិន នឹងឈានចូលមកដល់នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ នេះហើយ តាមរយៈគ្រូហុងស៊ុយល្បីមួយរូបនៅកម្ពុជា មានផេកឈ្មោះ គ្រូឡុង ហុងស៊ុយ បានចែករំលែកនូវរបៀបសែនចូលឆ្នាំចិន និងពេលវេលាសែនផងដែរ។
លោកគ្រូឡុង បានបញ្ជាក់ឱ្យបានដឹងថា សម្រាប់ឆ្នាំ ២០២៣ ថ្ងៃជាមង្គលល្អ ដែលត្រូវរៀបសែនទីជូអៀ (ជំនាងផ្ទះ) គឺនៅវេលាម៉ោង ៧ និង ០០នាទីព្រឹក ថ្ងៃសៅរ៍ទី ២១ ខែមករា ឆ្នាំ ២០២៣។
ដោយឡែក គ្រឿងរណ្ដាប់ និង វិធីសែន មានដូចខាងក្រោម ៖
១. មានរានជំនាងផ្ទះមួយខ្នង ត្រូវតែមាននាគមួយគូរពីខាងលើ រៀបតាំងចំពាក់កណ្តាលនៃផ្ទះ បែរមុខទៅចំទ្វាចូលផ្ទះ ឃ្លាតប្រហែល ៤ ម៉ែត្រពីមាត់ទ្វា។
២. ផ្កាចំនួន ៥ ទង និង ទៀនមួយគូរអុជធូបទាំងប្រាំធាតុ មួយនាក់ចំនួន ៥ សរសៃ (ធូបប្រាំពណ៌)
៣. ទឹកតែ ១ ពែង, ស្លឹកតែស្ងួត ១ ពែង, ស្រា ១ ពែង, កាហ្វេខ្មៅ ១ ពែង, កាហ្វេទឹកដោះគោ ១ ពែង។
៤. ពងទា ២ គ្រាប់ សាច់ជ្រូកបីជាន់ ២ ដុំស្ងោរអោយឆ្អិន និង យាហ៊ឺឆៅ ២ បន្ទះ។
៥. បាយស ៥ ចាន ដាក់ចង្កឹះ
៦. មាន់ស្ងោរ ១ ឬទាខ្វៃ ១ អាចជ្រូកខ្វៃ កាន់តែល្អប្រសើរ។
៧. នំពងទា ២ ចាន, នំប៉ាវ ១ ចាន, នំតែលាវ ១ ចាន, ក្រូចឃ្វិច ៥ ផ្លែ និង ផ្លែឈើ ៥ មុខ ១ ចាន។
៨. ត្រឡាចចាស់ៗ ២ ផ្លែ, ល្ពៅចាស់ៗ ២ ផ្លែ, ត្រប់ចាស់ៗ ២ ផ្លែ, ទឹកផ្លែឈើ ៥ ដប និង ទឹកសុទ្ធ ៥ ដប។
ជាចុងក្រោយ អ្នកសែនអុជធូប ៧ សរសៃ ចំពីមុខផ្ទះ គោរពម្ចាស់ដីទាំង ៥ ទិសរួចនិយាយថា ៖ «ថ្ងៃនេះជាថ្ងៃ….. ឆ្នាំ ២០២៣ ជាថ្ងៃមង្គលល្អរបស់យើងខ្ញុំ ក៏ជាថ្ងៃល្អដែលត្រូវ សុំអញ្ជើញ អង្គទីជូអៀថ្មី មកសណ្តំគង់នៅតាមថែរក្សាជាមួយនឹងផ្ទះខ្ញុំលេខ……គឺជាហាងជាផ្ទះរបស់ខ្ញុំ ឈ្មោះ……..នឹង ប្រពន្ធ ព្រមទាំងបុត្រ ជាមួយបងប្អូនកូនក្មួយទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅផង»៕