នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានជូនដំណឹងឱ្យបានដឹងថា កូនផ្សោតដែលទើបកើតថ្មីចំនួន ១ ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវ និង ល្បាតនៃរដ្ឋបាលជលផល និង អង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង ១៥ និង ៤០ នាទីរសៀល ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ទាក់ទិនទៅនឹងផ្សោតដ៏គួរឱ្យស្រឡាញ់នេះ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី ៨ នេះ មានអាយុប្រហែល ១ ថ្ងៃ មានសុខភាពល្អ និង កំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់ ១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗ ចំនួន ៤ ក្បាលផ្សេងទៀត។ គួរបញ្ជាក់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី ១ របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ និង ១៨ ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥។ តាមរយៈកូនផ្សោតកើតថ្មីនេះទៀតសោត ចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិ មានចំនួនសរុបកើនដល់ ១១២ ក្បាល។


ក្នុងឱកាសនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏បានថ្លែងអំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និង ការពារធនធានជលផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទន្ទឹមនេះ ប្រសិនបងប្អូនប្រជានេសាទបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧៩៤៣, ០១១ ៣៥៥៨៨៣, ០៩៩ ៧៩១៩១៩, ០៩២ ៩១៨១៤៤ និង ០១៧ ៨១៨៣៨២៕
