នៅក្នុងឆ្នាំ ២០២៥ នេះ ប្រទេសថៃ ត្រូវបានគេដឹងថាជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមដ៏ធំប្រចាំតំបន់ ដែលកំពុងខិតជិតមកដល់ ប៉ុន្តែខណៈមិនទាន់មានការបើកព្រឹត្តិការណ៍ត្រឹមត្រូវផង រដ្ឋាភិបាលថៃ ក៏ត្រូវបានប្រជាជនខ្លួនរិះគន់មួយទំហឹងបាត់ទៅហើយ។

តាមព័ត៌មានបានឱ្យដឹងថា ខណៈប្រកួតបើកឆាកបាល់ទាត់បុរស SEA Games ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋាន Rajamangala កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ ក៏ចាប់ផ្តើមមានបញ្ហាផ្ទួនៗគ្នាទៅហើយ។ ក្នុងនោះ បញ្ហាទីមួយគឺភ្លើងបំភ្លឺនៅពហុកីឡដ្ឋាន Rajamangala បានខូច ហើយមិនមានអំពូលបម្រុង ដែលតម្រូវឱ្យអំពូលភ្លើងពីកន្លែងផ្សេងមកវិញ។ ទីពីរ គឺប្រព័ន្ធសំឡេងមានបញ្ហា ដែលមិនអាចចាក់ចម្រៀងភ្លេងជាតិឱ្យក្រុមឡាវ និង វៀតណាមបាន ដោយតម្រូវឱ្យក្រុមទាំងពីរច្រៀងផ្ទាល់មាត់ទៅវិញ។ ទីបី គឺប្រព័ន្ធកក់កៅអីមានភាពរញ៉េរញ៉ៃ ដោយចំនួនកៅអីពិត មិនដូចជាកៅអីដែលបានបើកឱ្យកក់ក្នុងប្រព័ន្ធអ៊ីនធើណេត ពោលគឺមានការខ្វះខាតច្រើន។

យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ ខាងអាជ្ញាធរៀបចំកីឡាជាតិរបស់ថៃ ត្រូវបានប្រជាជនខ្លួនរិះគន់សម្បើមដៃណាស់ ព្រោះមើលទៅការរៀបចំមិនសមភ្នែក និងមានបញ្ហារអាក់រអួលជាច្រើនបន្តបន្ទាប់។ ដោយឡែក ខាងវៀតណាមក៏បានរិះគន់ដូចគ្នាចំពោះបញ្ហាភ្លេងជាតិ តែខាង Kongsak Yodmanee អភិបាលនៃអាជ្ញាធរកីឡាជាតិថៃបានចេញមុខសុំទោសរួចទៅហើយ។ ដោយឡែក កម្មវិធីមួយនេះនឹងដំណើរការទៅមុខយ៉ាងណានោះ មានតែរងចាំមើលថ្ងៃបើកព្រឹត្តិការណ៍ នាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះប៉ុណ្ណោះ៕


ប្រភព៖ Thairath Sport