ព្រឺក្បាល! ទម្លាយអាថ៌កំបាំងអមនុស្សភីប៉ូង ជាខ្មោចស៊ីកង្កែបដ៏មហាល្បី នៅប្រទេសថៃ
ភីផុង ហៅម្យ៉ាងទៀតថា ភីប៉ូង (ผีโป่ง) គឺជាអមនុស្សខ្មោចថៃ ដ៏ល្បីនៃជំនឿប្រជាជនភាគខាងជើង នៃប្រទេស។ វាមានឈ្មោះមួយទៀតជាភាសាឥសាន (គ្រាមភាសាឦសាន) ថា ភីផៅ (ผีเป้า) ខ្មោចនេះអត់គ្រោះថ្នាក់ដល់មនុស្សទេ។ ជាពិសេសខ្មោចនេះស៊ីតែសត្វកង្កែប មួយមុខគត់។ ខ្មោចនេះពេលថ្ងៃរស់នៅជាមនុស្សសាមញ្ញជន តែពេលយប់ដើរចាប់យកកង្កែបលេប។ ពេលថ្ងៃ ខ្មោចប៉ូង មានរាងរៅ ដើរហើរដូចមនុស្សយើងធម្មតា តែពេលយប់អមនុស្សនេះនឹងក្លាយជាខ្មោច។
លក្ខណៈពិសេសប្លែករបស់ភីប៉ូង គឺវាមានពន្លឺចេញពីរន្ធច្រមុះដូចភ្លើងពិល វានឹងស្វែងរកអាហារនៅពេលយប់ដូចជា កង្កែប ត្រី លាមកសត្វ ឬ សុក ដូចជាក្រសាំង ក្រហែង ឬ ពពែ ជាដើម។ ជាធម្មតា ភីប៉ូង មិនធ្វើបាបមនុស្សទេ លុះត្រាតែមានការគំរាមកំហែង។
ចាស់បុរាណលោកពោលថា សត្វកង្កែបខ្លាចខ្មោចនេះណាស់។ ចង់ដឹងថានរណាជាខ្មោចប្រភេទនេះ ឱ្យចាប់កង្កែបដាក់ជិតអ្នកនោះ កង្កែបនោះនឹងស្រែកដូចគេចាក់កជ្រូកអ៊ីចឹង។ បើយប់ព្រលប់អី សុខៗស្រាប់តែឮកង្កែបយំយ៉ាងអត់ហេតុ មានន័យថាពួកវាលោតជួបខ្មោចនេះហើយ។ ចាស់ច្រើនឱ្យយើងនៅក្នុងផ្ទះកុំចេញក្រៅបើមានហេតុភេទដូចច្នោះ។ អ្នកនឹងស្នងខ្មោចប្រភេទ ប្រសិនអ្នកចៃដន្យលេបទឹកមាត់របស់ខ្មោចស៊ីកង្កែប។ ភីប៉ូង អាចឆ្លងទៅមនុស្សម្នាក់ទៀត ពីការស្តោះទឹកមាត់ដោយ ភីប៉ូង ឬ ញ៉ាំទឹកមាត់របស់ខ្មោចផុង។
នៅឃុំផ្លាផ្លា ស្រុកចកឆៃ ខេត្តនគររាជសីមា ប្រទេសថៃ មានភូមិមួយឈ្មោះបាណកភីលោក ដែលមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីទីរួមស្រុក ដែលនៅទីនោះភាគច្រើនជាទីវាលស្រែ និង ដំណាំដំឡូងមី ជាទឹកដីដែលល្បីថា ពោរពេញដោយភីប៉ូង ដែលមិនទាន់សាបរលាប នេះមកពីពាក្យចចាមអារ៉ាមដែលមានរាប់រយឆ្នាំមកហើយ។
កាលពីមុន មានដីសើមប្រហែល ១០០ ហិកតា (ប្រហែល ១/៣ ហិចតា) ជាប់ផ្លូវដី។ នៅពេលល្ងាច ភីប៉ូង តែងតែស្វែងរកអាហារ ដូច្នេះហើយគ្មានអ្នកណាហ៊ានដើរកាត់ពេលយប់ឡើយ។ រហូតមកដល់ពេលនេះ ភូមិនេះមិនទាន់ត្រូវបានគេលើក ឬ ដាក់ឈ្មោះជាភូមិជាផ្លូវការទេ ដោយសារមនុស្សរស់នៅតិច និង គួរឱ្យខ្លាចខ្លាំងពេក។ បើបងប្អូនចង់ស្គាល់ខ្មោចផុងអាចទៅរកខ្មោចនេះ ទស្សនាផ្ទាល់ភ្នែកនៅទីតាំងនោះបាន៕