អាថ៌កំបាំងសាវតា «ព្រាយខ្លា» ដ៏ព្រឺរន្ធត់របស់ខ្មែរ ដែលពិភពលោកនាំគ្នាខ្លាចរអា
តើអ្នកធ្លាប់ឮចាស់ៗ និយាយដំណាលពី ព្រាយខ្លា ច្រាបព្រៃ ខ្លាអ្នកតា ឬ ខ្លាច្រាបទេ? តើអ្នកធ្លាប់ឮគេថា ពេលដើរព្រៃពុំគប្បីមាត់អត់គម្របដែរឬទេ? បើអ្នកធ្លាប់ អ្នកគួរអានអត្ថបទមួយនេះ ព្រោះវានឹងជួយអ្នកកាន់តែយល់ពីរឿងអប្បិយជំនឿនេះកាន់តែទូលំទូលាយ ក្រោមប្រធានបទដែល «ប្រជាប្រិយ» ស្រាវជ្រាវជូនប្រិយមិត្តអ្នកអានថ្ងៃនេះ។
ក្នុងកំណត់ត្រារឿងព្រេងបុរាណខ្មែរ «ព្រាយខ្លា» ជាវិញ្ញាណដែលត្រូវបានសម្លាប់ដោយសត្វខ្លា ដែលមនុស្សធ្លាប់ជាតាបសព្រៃ ឬ អ្នករៀនអាគមអូមអាម ក្រោយអាយុកាលកាន់តែចាស់ទៅ រុញច្រានឲ្យខ្លានោះវិវត្តកាយក្លាយជាខ្លាសច្ចំ ឬ ព្រាយខ្លា។
យើងអាចសម្គាល់ ព្រាយខ្លា បាន ដែលភិនភាគខុសពីខ្លាធម្មតាត្រង់ទីប្រជុំញាណដែលនៅកណ្តាលថ្ងាសរបស់វា។ ព្រាយខ្លា នឹងបញ្ចេញពន្លឺនាពេលរាត្រី នៅត្រង់ថ្ងាសហើយ ដើរប្រមាញ់មនុស្សសត្វប្រុសស្រីឆីជាអាហារដោយឧបាយផ្សេងៗ។ ញាណរបស់ព្រាយខ្លានេះខ្លាំងណាស់ ហើយវារមែងដឹងមុនរាល់រឿងហេតុដែលបម្រុងយាយីលើអាយុជីវិតដើម្បីរត់គេចការពារខ្លួនវាជាដរាប ជាពិសេសកន្ទុយរបស់វាត្រូវបានរឿងព្រេងខ្មែរប្រដូចជាគ្រូហោទស្សន៍ទាយដ៏ខ្លាំងពូកែ។
ចាស់ៗបុរាណខ្មែរជឿថា ចង់សម្លាប់ខ្លានេះ យើងគប្បីប្រើគ្រាប់ដែលបង្កប់មន្តគាថា ហើយនៅទីឲ្យខ្ពស់ជាងវា។ នៅគ្រាដែលមាននរណាម្នាក់សម្លាប់ខ្លាអ្នកតា ឬ ព្រាយខ្លានេះ ដោយបាញ់ចំរាងកាយវា ជាពិសេសត្រង់ក្បាល អ្នកនឹងឮសំឡេងស្រែកដ៏សន្ធោសសន្ធៅពេញព្រៃ ដូចសំឡេងរន្ទះបាញ់ ឬ គ្រាប់មីនដូចច្នោះដែរ។ ខ្លាអាគមនឹងស្រែកដង្ហោយហៅឲ្យគេជួយវាជាមួយនឹងសំឡេងថ្ងូរអង្វរគួរឲ្យអាណិតក្រៃលែងមុនអស់ជីវិត។
ចាស់ៗតែងប្រដៅឲ្យយើងបិទភ្នែក និង បិទត្រចៀក ព្រោះជាទម្លាប់ខ្លានេះនឹងសម្រែកជាសំឡេងមនុស្សដែលយើងស្គាល់ ឬ ស្រឡាញ់បំផុត ដូចជាប្រពន្ធ ប្អូនស្រី កូនស្រី ឬ អាចជាម្តាយរបស់អ្នក ស្រែកដង្ហោយហៅ យំ និង បក់ដៃហៅអ្នកឲ្យជួយម្តាយផងកូន! ហើយបើអ្នកចាញ់ការល្បួង ចូលទៅជិតវាដើម្បីជួយ វានឹងប្រែជាព្រាយសង្គ្រប់អ្នក ខាំបំពង់ក ហែកពោះអ្នកជាចម្រៀកៗ ស៊ីសាច់ បេះដូង និង ក្បាល យកជីវិតអ្នកទៅប្តូរដើម្បីខ្លួនវាអាចរស់ និង គេចខ្លួនបាន។ ព្រាយខ្លា ខ្លះវាស៊ីមនុស្សស្រី ហើយយកស្បែកមនុស្សនោះមកស្លៀក ធ្វើដូចស្រីក្រមុំ ដោយប្រើមន្តស្នេហ៍បន្ទន់ចិត្ត រាយសម្រស់ ទាក់អ្នកកាប់អុស អ្នករកឃ្មុំ ដើរព្រៃយប់ព្រលប់មករួមភេទយ៉ាងរោលរាល រួចហើយក៏ស៊ីអ្នកនោះឲ្យស្លាប់តែម្តង។
ចាស់ៗហាមអត់ឲ្យយើងប្រើពាក្យថា ខ្លា ពេលដើរព្រៃ ដោយសារមន្តព្រៃ អាស្រ័យទីព្រៃរមែងស័ក្តិសិទ្ធក្រៃលែង ចាស់បុរាណហៅអ្នកនោះថាមាត់អត់គម្រប ឬ មាត់ស៊ីអំបិលប្រហុក កាលបើយើងហ៊ានតែហៅឈ្មោះនេះ វានឹងលេចមុខនៅទីដែលអ្នកដើរព្រៃរបូតមាត់និយាយជាក់ជាមិនខាន។ តួយ៉ាង សំឡេងសន្ធឹកពេញព្រៃ ឬ សំឡេងដង្ហោយហៅឲ្យជួយនោះ គេអត់ហៅសំឡេងព្រាយខ្លាទេ គេហៅពាក្យទំនៀមមួយ ដែលគេហៅវាថា សំឡេងច្រាបព្រៃ។ ជាពិសេស រាល់អ្នកដែលរាសីទាប យីអ៊ុនដាក់ ដែលចាញ់បារមីព្រៃ បណ្តាលឲ្យឈឺ ឬ ដេកស្លាប់បើចេញពីព្រៃអាគមដែលព្រាយខ្លាកាន់មិនទាន់ គេហៅជននោះថា ចាញ់ច្រាប មកទល់សព្វថ្ងៃ៕