កំពូលខ្មោចគួរឱ្យខ្លាចទាំង ៩ ល្បីលងសាហាវបំផុត ជឿថាមានវត្តមាននាពេលបច្ចុប្បន្ន
ក្នុងលោកនេះ មានរឿងរ៉ាវអប្បិយជំនឿពាក់ព័ន្ធនឹងខ្មោច ព្រាយ បិសាច ជាច្រើន ដែលនៅមានជំនឿថាមានចល់បច្ចុប្បន្ន។ ថ្ងៃនេះដែរ «ប្រជាប្រិយ» បង្ហាញពីខ្មោចគួរឱ្យខ្លាច ៩ ដែល្បីលងសាហាវ គួរឱ្យខ្លាច និង រន្ធត់បំផុតពេលបានជួប។ មានដូចជា ៖
១. ក្រាសឿ (ខ្មែរបកថា អាប)
ជានារីរូបស្រស់ដែលមានសម្រស់ស្អាត និង រស់នៅជាមនុស្សនៅពេលថ្ងៃ ដើររកចំណីនៅពេលយប់។ យប់ឡើងពេលឃ្លាននាងនឹងដក-ក ជាមួយនឹងកន្សោមពោះវៀនយោលទាំងកន្សោម អមដោយពន្លឺ ស្វែងរកចាប់សត្វឆ្កឹះពោះវៀន ឬ ស៊ីភក់ជ្រាំជាអាហារ។ ភោក្តាដែលនាងចូលចិត្តស៊ីជាចំណី គឺជាស៊ុកស្ត្រីមានផ្ទៃពោះក្រោយសម្រាល ឬ កូនទើបនឹងកើតក្នុងអង្រឹងដែលគេទុកចោល។ ពេលដក-កនឹងមានឈាមហូរប្រលាក់សារ៉ុង ឬ កម្រាល។ នាងយកកម្រាលមកជូតមាត់ក្រោយស៊ីឆ្អែត និង រមែងយកក្រណាត់ទាំងនោះទៅបោក និង ហាលទាំងយប់។ វាជាមូលហេតុដែលប្រជាជនថៃ តែងបម្រាមហាមកូនចៅមិនឲ្យហាលសារ៉ុង ឬ សម្លៀកបំពាក់ចោលដាច់យប់ជាដាច់ខាត។
២. ភីផុង (ខ្មោចស៊ីកង្កែប)
ខ្មោចនេះអត់គ្រោះថ្នាក់ដល់មនុស្សទេ។ ជាពិសេសខ្មោចនេះស៊ីតែសត្វកង្កែប មួយមុខគត់។ ខ្មោចនេះពេលថ្ងៃរស់នៅជាមនុស្សសាមញ្ញជន តែពេលយប់ដើរចាប់យកកង្កែបលេប។ ចាស់បុរាណលោកពោលថា សត្វកង្កែបខ្លាចខ្មោចនេះណាស់។ ចង់ដឹងថានរណាជាខ្មោចប្រភេទនេះ ឲ្យចាប់កង្កែបដាក់ជិតអ្នកនោះ កង្កែបនោះនឹងស្រែកដូចគេចាក់-កជ្រូកអ៊ីចឹង។ បើយប់ព្រលប់ សុខៗស្រាប់តែឮកង្កែបយំយ៉ាងអត់ហេតុ មានន័យថា ពួកវាលោតជួបខ្មោចនេះហើយ។ ចាស់ច្រើនឲ្យយើងនៅក្នុងផ្ទះកុំចេញក្រៅឲ្យសោះបើមានហេតុភេទដូចរៀបរាប់ខាងលើ។ អ្នកនឹងស្នងខ្មោចប្រភេទ ប្រសិនអ្នកចៃដន្យថ្ងៃមួយលេបទឹកមាត់របស់ខ្មោចស៊ីកង្កែបនេះ។
៣. ណាងតានី (នាងចេកតានី )
ជាខ្មោចស្រីស្អាត ជ្រកកោនប្រាស្រ័យក្នុងដើមចេកស្នាប់មុខ (ចេកគ្រាប់) ស្លៀកពាក់ក្រណាត់ពណ៌បៃតង លាបក្រេមក្រហមដូចឈាម រៀងរាល់រាត្រីខែពេញបូរមី រមែងល្បួងលួងលោមប្រុសៗសាច់ដុំ សង្ហាៗ យកមករួមភេទរួមសង្វាសកាមគុណក្រោមដើមចេក ទុកជាការកែកម្សាន្ត។ បើបុរសដែលរួមភេទនឹងនាងហើយ នឹងត្រូវបណ្តាសាស្នេហ៍។
៤. ភីអាំ (ខ្មែរបកថា ខ្មោចនាងអាំ)
ខ្មោចនេះរូបអាក្រក់ក្រលែង និង ចូលចិត្តអង្គុយ ឬ ឈរលើមនុស្សប្រុសពេលកំពុងលង់លក់អត់ឲ្យក្រោករួច ដែលទម្លាប់យើងហៅថា ខ្មោចសង្កត់។ បើគ្មានមនុស្សមកប៉ះអ្នកឲ្យភ្ញាក់នោះទេ អ្នកនឹងក្រោកអត់រួច រហូតស្លាប់ដោយដាច់បាយ។ ដើម្បីការពារខ្មោចនេះ អ្នកភូមិថៃជាបុរសរមែងយក ក្រែមពណ៌ក្រហមៗ យកមកលាបបបេរមាត់ ដើម្បីឲ្យពេលដេកបើខ្មោចនេះមក វានឹងច្រឡំអ្នកថាមនុស្សស្រី មិនបេតីនឹងសង្កត់អ្នកឡើយ។
៥. ភីតៃហូង (ខ្មោចតៃហោង)
ខ្មោចដែលគួរឲ្យខ្លាចខ្លាំង និង គ្រោះថ្នាក់បំផុតរបស់ប្រទេសថៃ គឺខ្មោចតៃហោងនេះហើយ។ ជាខ្មោចដែលស្លាប់មុនអាយុ ដោយគ្រោះថ្នាក់ទាន់ហន់ ឬ អំពើឃោឃៅ បណ្តាលឲ្យសពរលត់សង្ខារមហាសែនវេទនា។ ចាស់ៗថាវិញ្ញាណនេះសាហាវ និង ចងកំហឹងខ្លាំងក្រោយក្លាយជាវិញ្ញាណ។ បើស្លាប់ដោយសារកើតកូនឆ្លងទន្លេវិញ សាហាវមិនបាច់និយាយ ព្រោះវាជាការមរណាចូលគ្នានៃវិញ្ញាណ ២ ក្នុងរូបកាយតែមួយ។ ខ្មោចប្រភេទនេះបើស្លាប់ត្រង់ណាក៏លងត្រង់ហ្នឹង។ អ្នកច្បាស់ជាអន់ចង់ក្នុងការចង់ឃើញខ្មោចមួយនេះ ប្រសិនបើពួកគេស្លាប់នៅលើដងផ្លូវ។
៦. ភីឡាងខ្លួង (ខ្មោចរមាស់ខ្នង)
ខ្មោចប្រភេទនេះល្បីណាស់ ជាពិសេសឮថាលងច្រើននៅប៉ែកខាងត្បូងប្រទេសថៃ។ គេឧស្សាហ៍ឃើញវាហែលទឹកស្រាត។ ខ្មោចនេះចូលចិត្តលងមនុស្សដែលមានគ្នាច្រើន និង ជុំៗ ដែលធ្វើដំណើរកម្សាន្ត និង ធ្វើជាសុំអ្នកអង្កុយលេង ឬ ចូលរួមក្រុមផង។ ជាបឋម ខ្មោចឡាងខ្លួង នឹងធ្វើចរិតស្រពាប់ស្រពោន និង និយាយពីប្រវត្តិទឹកដីនេះឲ្យអ្នកស្តាប់។ បន្ទាប់មកវានឹងសុំឲ្យនរណាម្នាក់អេះខ្នងឲ្យវា ដោយមូលហេតុរមាស់ខ្នងខ្លាំង។ នរណាក៏ដោយបើអេះឲ្យខ្មោចនេះហើយ នឹងសង្កេតឃើញដំបៅរលួយលើខ្នងខ្មោចនោះ ឬ ជាប់សាច់នឹងក្រចក។ ខ្មោចនេះនឹងសើចសប្បាយដូចវិកលចរិត ដរាបណាអ្នករត់ប្រាសអាយុរៀងៗខ្លួន។ ចាស់ៗហាមមិនឲ្យមើលអ្នកដើរតែឯង ដើរកាត់ក្រុមអ្នក ឬ ដាក់មនុស្សពេលកំពុងធ្វើដំណើរស្ងាត់ពេលយប់ឡើយ ព្រោះខ្លាចខ្មោចឡាងខ្លួងបន្លំខ្លួន។
៧. គូម៉ាន់ថង (កុមារមាស)
ខុសពីខ្មោចផ្សេងៗ ដែលនេះជាខ្មោចកូនក្មេង។ ខ្មែរចាត់ទុកពួកគេថាជា ម្រេញគង្វាល។ ចាស់ៗថាខ្មោចនេះចូលចិត្តលេងណាស់។ វារមែងគោះទ្វារគ្រប់ផ្ទះ និង ច្រៀងកណ្តាលរាត្រី។ កាលដើមឡើយ ពួកវាកើតចេញពី គ្រូអូមអាម ដែលវះយកវាពីស្ត្រីដែលមានផ្ទៃពោះទាំងរស់ យកមកប្រសិទ្ធី ឆ្អើរភ្លើង និង រុំអំបោះឆៅ និង មាសសន្លឹក ស្នងបារមី យកពួកវាធ្វើជាបរិវារ និង ប្រើធ្វើអំពើ។ បច្ចុប្បន្នគេច្រើនសង់ ឬ បង្កើតរូបចម្លាក់កុមារមាសវិញ ដើម្បីគោរពបូជា ផ្តល់ជាស្ករគ្រាប់ នំ ឬ ភេសជ្ជៈផ្អែមមានពណ៌ក្រហមដើម្បីសែនឲ្យខ្មោចកុមារមាសនេះ។ ប្រជាជនថៃ ជាពិសេសអ្នករកស៊ីនិយមកុមារមាសណាស់ ព្រោះគេជឿថា វាធ្វើឲ្យពួកគេរកស៊ីកាក់កប។
៨. ប្រេត (ខ្មែរបកថា ប្រែត)
ជំនឿពីបុរាណនៃអ្នកដែលធ្លាប់ឃើញប្រែត បានដំណាលគ្នាថា វាខ្ពស់ខ្លាំងណាស់។ កម្ពស់វាខ្ពស់ប៉ុនដើមត្នោត។ វាកើតចេញពីជំនឿបែបពុទ្ធសាសនា ដែរលោកថាប្រែតជាបុគ្គល អកតញ្ញូ ប្រែតនេះឱនពិបាកណាស់ ជាពិសេសមាត់តូចក្រៃលែង ដែលកើតចេញពីការតមាត់ ឬ ដៀលជេរប្រមាថលើព្រះរស់ ដែលមាត់គេនឹងតូចទៅៗតាមពាក្យដែលខ្លួនឯងជេរ។ វាច្រើនយំសោក សំពះអង្វរក ស្រែកយំសុំការខមាលទោស ពីបាបកម្មដែលខ្លួនសាង។ មានបុណ្យប្រពៃណី ជាទំនៀមទម្លាប់របស់ប្រជាជនថៃ ដែលធ្វើរៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសបូជាផ្តល់ផលានិសង្ឃដល់ប្រែតទាំងនេះ ជាពិសេសនៅប៉ែកខាងត្បូងនៃប្រទេសថៃ។
៩. ប៉្រាយ ឬ ព្រាយ
ខ្មោចប្រភេទនេះនៅតែក្នុងទឹកទេ។ ពណ៌ស្លៀកពាក់របស់ព្រាយ គឺពណ៌ស។ ចាស់ៗជឿថា ខ្មោចនេះប្រមូលផ្តុំគ្មាក្នុងទឹកដែលមានជើងកបច្រើន។ វាបញ្ឆោតមនុស្សឲ្យមកទីតាំងដែលវានៅ និង ចុះលេងទឹក រួចទាញជើងឲ្យស្លាប់តៃហោង រួចចូលរូបអ្នកដែលស្លាប់ ដើរឡើងគោក។ វិញ្ញាណនោះ នឹងនៅបន្តនៅតំបន់ជើងកបចាស់នោះដរាបមានជនរាសីទាបមកស្នងទាយាទព្រាយមួយនេះ៕