Connect with us

ទូទៅ

ឪពុកម្តាយមិនគួរមើលរំលង ខណៈសញ្ញានៃក្តីស្រឡាញ់របស់កូនៗប្រែប្រួលតាមអាយុ

on

Advertisement

ទារក​តូចៗ​
1.​ ​សម្លឹង​ភ្នែក​អ្នក​៖ ទារក​តូចៗ​ដែល​ចូលចិត្ត​មើលមុខ និង​ភ្នែក​នរណា​ហើយ អ្នកនោះ​ហើយ​គឺជា​មនុស្ស​ដែល​គេ​ចូលចិត្ត​។ កាយវិការ​ទឹកមុខ​បែបនេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទាកទាញ​ការស្រឡាញ់ និង​ការយកចិត្តទុកដាក់​ពី​ឪពុកម្តាយ​គេ​តែម្តង​។

2.​ ​ស្គាល់​ក្លិន​របស់​អ្នក​៖ ករណី​មាន​ជម្រើស​ក្លិនក្រអូប​ផ្កា និង​ញើស​របស់​អ្នក ឬ​អាវ​ដែល​ប្រឡាក់​ក្លិន​ទឹកដោះ កូន​អ្នកនឹង​ជ្រើស​រើសយក​ក្លិន​អាវ​របស់​អ្នក​ហើយ ដោយសារតែ​គេ​ចេះ​ចំណាំ និង​ស្គាល់​ក្លិន​ដែល​គេ​ធ្លាប់​នៅ​ជាមួយ​ទោះបីជា​គេ​អាយុ​បាន ១​សប្តាហ៍​ក៏ដោយ​។

3.​ ​ញញឹម​រក​អ្នក​៖ រឿង​ដំបូង​ដែល​កូន​អាច​ធ្វើបាន​ដើម្បី​បញ្ជាក់​អំពី​ការចូល​ចិត្ត ឬ​ស្រឡាញ់​ចំពោះ​អ្នក គឺ​ការ​ញញឹម​រក​អ្នក​

4.​ ​និយាយ​រក​អ្នក​៖ ទារក​តូចៗ ទោះបីជា​គេ​មិនអាច​អាច​និយាយ​ឲ្យ​យើង​យល់ ប៉ុន្តែ​គេ​ក៏​ចេះ​វិធី​ទំនាក់ទំនង​ជាមួយ​អ្នក​ដើម្បី​ឲ្យ​អ្នកមាន​ប្រតិកម្ម​ទៅ​គេ​វិញ​ដែរ​។

5.​ ​ចង់​ឲ្យ​អ្នក​នៅ​ជិត​៖ ក្នុង​រយៈពេល​មួយឆ្នាំ​ដំបូង អ្នកនឹង​សម្គាល់​ឃើញថា គេ​ទំនងជា​មិន​សប្បាយចិត្ត​ឡើយ​នៅពេលដែល​មិនឃើញ​អ្នក​។ ដូច្នេះ​គេ​អាច​យំ​ច្រើន ប៉ុន្តែ​គេ​នឹង​ញញឹម​វិញ​នៅពេល​គេ​ឃើញ​អ្នក​។

6.​ ​ប្រើ​អ្នក​ធ្វើជា​ខែល​៖ អ្នក​មិនបាច់​ឆ្ងល់​ទេ​ថា បើសិនជា​កូន​ចេះតែ​លូន​ក្បាល​ចូល​លើ​ទ្រូង​អ្នក​នៅពេល​ឃើញ​នរណា​មិន​ស្គាល់មុខ​ចេញ​ឲ្យ​គេ​ឃើញ ព្រោះនេះ​ជា​អារម្មណ៍​ធម្មតា​នៃ​ការភ័យខ្លាច និង​ចង់​ឲ្យ​មនុស្ស​ដែល​គេ​ស្រឡាញ់ និង​ជឿជាក់​ការពារ​។

ទារក​ទើប​ចេះ​ដើរ​តេសតាស​

A.​ ​ចម្លង​ទឹកមុខ​របស់​អ្នក​៖ ការបង្ហាញ​ទឹកមុខ​របស់​អ្នក​ច្រើនតែ​ងាយ​នឹងត្រូវ​បានកូន​ចម្លង​ប្រើប្រាស់​ណាស់​។ រឿងនេះ​អាចធ្វើ​ឲ្យ​គេ​ឧស្សាហ៍​ញញឹម​នៅពេល​អ្នក​ញញឹម ឬ​មើលទៅ​តក់ស្លុត​នៅពេល​គេ​មាន​អារម្មណ៍​ខ្លាច​ជាដើម​។ រឿងនេះ​ទំនងជា​ចាប់ផ្តើម​ខ្លាំង​នៅពេល​គេ​អាយុ​បាន ៩ ទៅ ១៨​ខែ​។

B.​ ​ចម្លង​ប្រតិកម្ម​ដែល​អ្នក​ធ្លាប់​តែមាន​៖ វា​មិនមាន​អ្វីដែល​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​ដែល​កូនតូច​អ្នកចេះ​ប្រើ​ប្រតិកម្ម​ដែល​អ្នក​ធ្លាប់តែ​ធ្វើ​នោះ ព្រោះតែ​គេ​ស្រឡាញ់ និង​ជឿជាក់​លើ​ការយល់ដឹង​របស់​អ្នក​។

C.​ ​ចម្លង​អាកប្បកិរិយា​អ្នក​៖ រឿងនេះ​មិនបាច់​និយាយ​ច្រើន​ទេ​ក៏​អាច​ដឹង​ដែរ​។ តើ​កូន​អ្នក​ចេះតែ​ព្យាយាម​បើកទ្វារ​ដោយ​ខ្លួនឯង​ដោយ​យក​កូនសោរ​ពី​ណា​ពី​ណី​មកចាក់​ដែរ​ទេ​? តើ​គាត់​ចេះតែ​ញី ឬ​សិតសក់​ចុះ​ឡើយ​នៅពេល​ឆ្លុះកញ្ចក់​ដែរ​ទេ​?

D.​ ​យក​អ្នកជា​អ្នកការពារ​នៅផ្ទះ​៖ ក្នុង​ការដែល​ស្ថិតនៅ​កន្លែង​ថ្មី កូនក្មេង​ដែល​ចេះ​ដើរ​តេសតាស ច្រើនតែ​រត់​មករក​អ្នក​វិញ​ក្រោយពី​គេ​ធ្វើ​អ្វីមួយ​រួចហើយ ដោយសារតែ​យល់ថា​គេ​ជឿជាក់​លើ​អ្នក ដែល​អាច​ការពារ​គេ​បាន​។ ពេលខ្លះ​វា​មិន​ត្រឹមតែ​ជា​រឿង​ដែល​គេ​ជឿជាក់​លើ​អ្នក​ទេ តែ​ជា​វិធី​ដែល​គេ​អាច​ទទួលបាន​ផាសុកភាព​នៅពេល​អ្នក​នៅ​ជិត​គេ​ក្រោយពី​គេ​ធ្វើ​អ្វីមួយ​ដែល​មិនដឹង​ត្រូវ​ឬ​ខុស ឬ​ភ័យខ្លាច​អ្វីមួយ​។

​ក្មេង​ត្រៀម​ចូលរៀន​

1.​ ​ចិត្តច្រើន​៖ កូន​អ្នក​អាច​នឹង​ខឹង​នៅពេលដែល​គេ​ព្យាយាម​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក តែ​បែរជា​មិន​យកចិត្តទុកដាក់​ចំពោះ​គេ ឬ​និយាយ​ជាមួយ​នរណា​ផ្សេង​។ គេ​អាច​នឹង​សាំ​ចិត្តច្រើន​គ្រប់​ពេលដែល​គេ​សង្ស័យថា​អ្នក​ទំនងជា​មិន​ស្រឡាញ់​គេ​ទៀត​ទេ​។​

2.​ ​អ្នក​គឺជា​គំរូ​ដ៏​ល្អ​របស់គេ​៖ ចាប់តាំងពី​គេ​អាច​ចម្លង​រឿង​គ្រប់យ៉ាង​ពី​អ្នក​តាំងពី​ចេះ​ដើរ​តេសតាស​មក គេ​អាច​នឹង​ចាត់ទុក​រឿងនេះ​កាន់តែខ្លាំង​ថែមទៀត ដោយ​យក​អ្នកជា​មនុស្ស​គំរូ​ដល់​គេ​តែម្តង ដោយសារតែ​អ្វី​ក៏​អ្នកចេះ​ដែរ​។

3.​ ​ចេះ​ប្រើពាក្យ​ខ្លួនឯង​ដើម្បី​បង្ហាញ​ការស្រឡាញ់​៖ ដល់​កូន​អាយុ​បាន ៣ ទៅ​៤​ឆ្នាំ ក្មេង​ភាគច្រើន​ចេះ​ចាប់ផ្តើម​បញ្ជាក់​ការស្រឡាញ់​របស់គេ​ដោយ​ប្រើពាក្យ​ពិត​របស់​ខ្លួនឯង​ដូចជា កូន​ស្រឡាញ់​ម៉ាក់ ឬ​ស្រឡាញ់​ប៉ា ឬ​ស្បែក​ម៉ាក​ទន់​ណាស់​។

4.​ ​ផ្តល់​ផាសុកភាព​ដល់​អ្នក​៖ រឿងនេះ​អាចមាន​ដែរ​ត្រង់​ថា គេ​អាច​យក​ភួយ​ពិសេស​របស់គេ​មក​ដណ្តប់​លើ​អ្នក​នៅពេល​ឃើញ​អ្នក​ហូរ​ទឹកភ្នែក ឬ​គេ​អាច​ថើប​អ្នក​នៅពេល​អ្នកមាន​របួស​។ រឿងនេះ​អាច​និយាយបានថា គេ​ព្យាយាម​ធ្វើ​អ្វីដែល​ត្រឹមត្រូវ​។

5.​ ​គេ​ព្យាយាម​ប្រើពាក្យ​សម្តី​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​៖ ការស្រឡាញ់​មិនគួរណា​មាន​អ្វី​ឈឺចាប់​ទេ ប៉ុន្តែ​នៅពេល​និយាយ​ពី​ក្មេងៗ​គឺ អាចធ្វើ​ឲ្យ​ឈឺ​ដែរ​។ គេ​អាច​និយាយថា អត់​ឲ្យ​ម៉ាក់ ឬ​ប៉ា​ញ៉ាំ​នំ​ហ្នឹង​ទេ​ខ្លាច​ឈឺពោះ​។ តែ​តាមពិត​គេ​ព្យាយាម​ញ៉ាំ​ខ្លួនឯង​ឲ្យ​អស់​ទៅវិញ​ទេ​។

6.​ ​សប្បាយចិត្ត​ពេល​ឃើញ​អ្នក​ត្រឡប់មកវិញ​៖ ក្រោយពី​បាត់​អ្នក​យូរ កូន​អ្នក​អាច​នឹង​រត់​មក​អោប និង​បង្ហាញ​អំពី​ការ​នឹក​របស់​អ្នក ថា​អ្នកជា​មនុស្ស​សំខាន់ នៅពេល​អ្នក​ត្រឡប់មកវិញ​។ ក្រៅពីនេះ គេ​អាច​នឹង​យំ​ខ្លាំង​នៅពេល​អ្នក​ទៅណា​បាត់​បន្តទៀត​។

​កូន​ធំៗ​

A.​ ​អ្នកជា​មនុស្ស​ម្នាក់​គត់​ដែល​គេ​ទុកចិត្ត​៖ នៅពេល​កូន​អ្នក​ជួប​អ្នក​ដោយសារតែ​បញ្ហា​អ្វីមួយ មានន័យថា​គេ​ចង់បង្ហាញ​អំពី​ការជឿជាក់​ចំពោះ​អ្នក​ហើយ ដោយសារ​មានតែ​អ្នក​ទេ​ទើប​អាចជួយ​គេ​បាន​។

B.​ ​ចង់​ធ្វើ​រឿង​ជាច្រើន​ដើម្បី​អ្នក​៖ រឿងនេះ​អាច​ដែរ​ត្រង់​ថា កូន​អ្នក​ចង់​រៀបចំ​តែ ឬ​អាហារ​ពេលព្រឹក​ឲ្យ​អ្នក​ញ៉ាំ​ផង ព្រោះតែ​គេ​យល់ថា វា​ជាស​ញ្ញា​ច្បាស់លាស់​មួយ​នៃ​ការស្រឡាញ់​ដែល​គេ​អាចធ្វើ​ចំពោះ​មនុស្ស​ដែល​គេ​ស្រឡាញ់​បាន​។

C.​ ​មានការ​បត់បែន​ច្រើន​៖ ការធ្វើ​ខុស​អ្វីមួយ​ហើយ គឺ​គេ​ច្រើនតែ​ខឹង​និង​មិន​ព្រម​ឡើយ​នៅពេល​គេ​បន្ទោស ប៉ុន្តែ​អារម្មណ៍​គេ​បែរជា​បត់បែន​ពី​ការខឹង​នេះ​វិញ នៅពេល​មានការ​ពន្យល់​ពី​អ្នក​ថា វា​ពិតជា​មិន​ត្រឹមត្រូវ​មែន​។ នេះ​ជា​អ្វីដែល​អាច​បញ្ជាក់ថា គេ​មាន​ការគោរព​ចំពោះ​ការយល់ដឹង​របស់​អ្នក និង​ជឿជាក់​លើ​អ្នកខ្លាំង​។

D.​ ​បង្ហាញ​ពី​ការដឹងគុណ​៖ ធម្មតា​ទេ អ្នក​អាច​សម្គាល់​បាន​ហើយ​ថា នៅពេល​កូន​ចេះ​និយាយថា​អរគុណ​ចំពោះ​យើង​ហើយ មានន័យថា គេ​ពិតជា​ចង់បង្ហាញ​អំពី​ការគោរព និង​ស្រឡាញ់​ចំពោះ​អ្នក​៕

​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​
( ប្រភព ៖ babycenter )

អត្ថបទដោយ​៖ Chan Tha

អត្ថបទពេញនិយម

សាហាវ! លោកនាយកសាលា បោកប៉ូលិសឱ្យមុជទឹករកមាសក្នុងទន្លេ ការពិតលាក់ក្នុងផ្ទះស្រីស្នេហ៍ខ្លួនសោះ
នេះហើយមូលហេតុពិត ធ្វើឱ្យលោកចោរទៅប្លន់ហាងមាស និង សម្លាប់មនុស្សគ្មានញញើតដៃ ឡើងរាក់កំភែល!
បង្ហាញ​សម្រស់​កូនស្រី​ ​ចាន់​ ​សុ​ផា​នី​ ​តំណក់ឈាម​រួម​នឹង​ ​ហ្សូ​ណូ​ ​ពេលនេះ​ធំប៉ុន​ណាណី​បាត់​!​
ទម្លាយ​មុខមាត់​អ្នកនិពន្ធ​ ​នៅ​ពីក្រោយ​បទ​ល្បី​ៗ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​សង្ហា​ខ្លាំង​​

មតិរបស់អ្នក