គំរូផ្លាកលេខយានយន្ត ៩ ប្រភេទថ្មី សម្រាប់ព្រះបរមរាជវាំង ស្ថាប័នកំពូលៗ ដល់ពលរដ្ឋសាមញ្ញ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យថ្មី ស្ដីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និង បំពាក់ផ្លាកលេខសម្គាល់យានជំនិះ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩ ។ នៅក្នុងអនុក្រឹត្យថ្មី ត្រង់មាត្រា ៩ បានចែងថា ផ្លាកលេខសម្គាល់យាន្តជំនិះមាន ៩ ប្រភេទដូចជា ៖
- ប្រភេទទី១ ៖ ផ្លាកលេខ មានផ្ទៃពណ៌បៃតងចាស់ អក្សរនិងលេខពណ៌ទឹកមាស សម្រាប់យានជំនិះរបស់ព្រះបរមរាជវាំង។
- ប្រភេទទី២៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងចាស់ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះរបស់ស្ថាប័នកំពូល។
- ប្រភេទទី ៣៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងខ្ចី អក្សរ និង លេខពណ៌ស សម្រាប់យានជំនិះ ជាសម្បត្តិរដ្ឋ ។
- ប្រភេទទី៤៖ ផ្លាកលេខមានផ្ទៃពណ៌ខៀវខាងលើ និង ពណ៌ក្រហមខាងក្រោមចែកពាក់កណ្តាលស្មើ អក្សរ និង លេខពណ៌ស សម្រាប់យានជំនិះរបស់កងយោធពលខេមរភូមិន្ទ ។
- ប្រភេទទី៥៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរ និងលេខពណ៌ក្រហម សម្រាប់យានជំនិះរបស់កងកម្លាំងនគរបាលជាតិ ។
- ប្រភេទទី៦៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរ និ ងលេខពណ៌បៃតងចាស់ សម្រាប់យានជំនិះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
- ប្រភេទទី៧៖ ផ្លាកលេខមានផ្ទៃពណ៌លឿង អក្សរ និង លេខពណ៌ខៀវចាស់ សម្រាប់យានជំនិះរបស់ស្ថានទូត និង ផ្លាកលេខមានផ្ទៃពណ៌ខៀវ ផ្ទៃមេឃ អក្សរ និង លេខពណ៌ស សម្រាប់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និង អង្គការមិនមែនរដ្ឋាភិបាល ។
- ប្រភេទទី៨៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរ និង លេខពណ៌ខៀវចាស់ សម្រាប់យានជំនិះ ជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនះ ។
- ប្រភេទទី៩៖ ផ្លាកលេខមានផ្ទៃពណ៌លឿងទុំ អក្សរ និង លេខពណ៌ស សម្រាប់យានជំនិះ នាំចូលបណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬ ក្រោមរបបគយនាំចូលបណ្តោះអាសន្ន ៕
អត្ថបទ ៖ រាជ