ចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ទៅកម្សាន្តនៅកោះស្មាច់ ល្បីមានទេសភាពធម្មជាតិស្អាតកប់ !
មិនមានភ្ញៀវទេសចរច្រើននោះទេ ដែលបានស្គាល់ កោះស្មាច់នេះ ពេលនេះយើងសូមណែនាំកន្លែងលម្ហែកាយ កោះស្មាច់ ដែលជាដែនកោះដ៏ស្រស់ស្អាតមួយនៅខេត្តកោះកុង នៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ លោកអ្នកគួរតែចំណាយពេលសមស្របមួយដើម្បីទៅលម្ហែកាយនៅទីនោះ ។
កោះស្មាច់ គឺជាកោះដាច់ស្រយាលមួយនៅក្នុងខេត្តកោះកុង ដែលត្រូវចំណាយពេលពី ២០ ទៅ ៣០ នាទីដើម្បីធ្វើដំណើរពីកោះស្តេចទៅកាន់កោះនោះតាមរយៈទូកយន្ត។ ចំណុចពិសេសរបស់កោះនេះគឺវាសឹងតែគ្មានមនុស្សរស់នៅ ខុសពីកោះស្តេច ដែលមានសហគមន៍ប្រជាពលរដ្ឋធំមួយនៅទីនោះយ៉ាងអ៊ូអរបំផុត ។
ដោយសារតែភាពដាច់សង្វែង និង មិនសូវមានមនុស្សរស់នៅបែបនេះ ធ្វើឱ្យកោះនេះរក្សាបានភាពបរិសុទ្ធរបស់វាស្ទើរតែទាំងស្រុង។ ទេសភាពនៅលើកោះនោះ វាបង្កប់ជាមួយទេសភាពព្រៃពណ៌បៃតងខ្ចី រំលេចដោយផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ និង អមដោយទេសភាពកោះផ្សេងៗនៅជុំវិញនោះ ពេលយើងសម្លឹងមើលទៅផ្ទៃមហាសមុទ្រ ធ្វើឱ្យលោកអ្នក ដែលបានទៅដល់ទីនោះបាត់អស់នូវអារម្មណ៍ហ្មងសៅ ធុញថប់ ហើយប្រែមកជាសប្បាយរីករាយមួយរំពេច ៕
ដោយ៖សុថាត់