អ្នកមិនទាន់ស្គាល់ ! ទៅឱ្យស្គាល់ម្តងមើល៍ បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង មានភាពទាក់ទាញខ្លាំង ! (វីដេអូ )
ភ្ញៀវទេសចរ និង អ្នកធ្វើដំណើរទាំងឡាយ កាលបើបានទៅដល់ទឹកដីនៃខេត្តពោធិ៍សាត់ហើយនោះ តែងតែធ្វើដំណើរទៅកាន់បូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿងជានិច្ច ដោយមានអ្នកខ្លះបានចូលទៅទស្សនាកម្សាន្ត និង ចង់ដឹងពីរឿងប្រវត្តិរបស់លោកឧកញ៉ា ឃ្លាំង មឿង ហើយអ្នកខ្លះទៀត បានចូលទៅអុជទៀនធូបបន់ស្រន់ទៅតាមបំណងប្រាថ្នារបស់ពួកគេ ។
បូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ ស្ថិតនៅក្នុង ភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ និង មាន ចម្ងាយ ៧ គីឡូម៉ែត្រ ពីទីរួម ខេត្តពោធិ៍សាត់ និង ១៩៣ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយធ្វើដំណើរចេញពីទីរួមខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ ៥ ចម្ងាយ៥ គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ ៥៥ និង បន្តដំណើរ ២គីឡូម៉ែត្រទៀត ទើបទៅដល់បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ ។ មិនថាជនជាតិខ្មែរ ឬ បរទេសនោះទេ ឱ្យតែធ្វើដំណើរឆ្លងកាត់ កន្លែងបូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿងនោះគឺតែងតែនាំគ្នាចូលទៅគោរពសក្ការៈមិនដែលខកខានឡើយ ។
បច្ចុប្បន្ន នៅកន្លែងបូជនីយដ្ឋានប្រវត្តិសាស្ត្ររបស់លោកឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ បានក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងខេត្តពោធិ៍សាត់ ក្រៅពីបម្រើឱ្យវិស័យទេសចរណ៍ហើយនោះ បូជនីយដ្ឋានប្រវត្តិសាស្ត្រមួយនេះក៏បានចូលរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះ មានជីវភាពធូរធារថែមមួយកម្រិតទៀត តាមរយៈការលក់ដូរម្ហូបអាហារ និង លក់វត្ថុអនុស្សាវរីយដល់ភ្ញៀវទេសចរ ដែលចូលទៅទស្សនាកម្សាន្តនៅទីនោះ ៕
ដោយ៖សុថាត់ (រូបថត មន្ទីរទេសចរខេត្ត )