នេះន៎ែ ! រមណីយដ្ឋានរហាត់ទឹក នៅប៉ៃលិន គ្រាន់តែឃើញក៏ចាប់អារម្មណ៍ចង់ទៅលេងភ្លាម !
រមណីយដ្ឋានរហាត់ទឹក គឺជារមណីយដ្ឋាន កែច្នៃធម្មជាតិ ស្ថិតនៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ រមណីយដ្ឋាននេះ មានចម្ងាយផ្លូវប្រហែលជាង ២ គីឡូម៉ែត្រ ពីវិមានឯករាជ្យក្នុងទីរួមខេត្តប៉ៃលិន ដោយត្រូវធ្វើដំណើរចេញពីវិមានឯករាជ្យ ឆ្ពោះទៅទិសខាងជើង កាត់តាមវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ។
បើគិតចាប់ពីវត្តប៉ាហ៊ីទៅជើងត្រង់ ប្រហែលជាង ១គីឡូម៉ែត្រ មានផ្លូវបំបែកមួយនៅខាងស្តាំដៃ ដោយមានស្លាកមួយសរសេរថា រមណីយដ្ឋានរហាត់ទឹក នៅទីនោះ។ ធ្វើដំណើរតាមផ្លូវលំនោះ ប្រហែលជាង ១០០ មែត្រ នឹងទៅដល់រមណីយដ្ឋានរហាត់ទឹកនោះហើយ ។
រមណីយដ្ឋានរហាត់ទឹកនេះ ស្តិតនៅតាមអូរធម្មជាតិ មានទឹកថ្លាឆ្វេង ហូរមិនចេះដាច់ ខួបប្រាំង ខួបវស្សា ។ មានកសាងខ្ចុះយ៉ាងស្រស់ស្អាត មានផាសុខភាព នៅតាមមាត់អូរ សម្រាប់ភ្ញៀវទេសចរអង្គុយកម្សាន្ត ស្រស់ស្រូបអាហារ ជួបជុំមិត្តភក្តិ ក្រុមគ្រួសារ ។ នៅក្នុងអូរមានកសាងទំនប់បង្ហៀរទឹក និងមានរហាត់ទឹកដ៏ធំមួយនៅចំកណ្តាល ដែលកាលពីអតីតកាល រហាត់ទឹកនេះ គឺជាវារីអគ្គិសនី សម្រាប់យកភ្លើងប្រើប្រាស់ នៅក្នុងភូមិក្បែរៗនោះ។
បច្ចុប្បន្ននេះ នៅទីនោះមានទឹកជ្រៅគួរសម សម្រាប់លោតលេងកម្សាន្ត ជិះទូក ជិះពោងកម្សាន្ត ជាដើម ។ លើសពីនេះ រមណីយដ្ឋានរហាត់ទឹកក៏មានអាងទឹកកែច្នៃសម្រាប់ហែលលែងកម្សាន្ត មានសួនច្បារ ប្រកបដោយផ្កាចម្រុះ និង មានរូបសំណាកសត្វព្រៃធម្មជាតិជាច្រើនសម្រាប់គយគន់។
ភ្ញៀវទេសចរទាំងឡាយ ដែលទៅលេងកម្សាន្តនៅរមណីយដ្ឋានរហាត់ទឹក តែងតែមានអារម្មណ៍សប្បាយរីករាយ ហូបអាហារយ៉ាងឆ្ងាញ់ពិសារជាមួយមិត្តភ័ក្តិ ក្រុមគ្រួសារ ជាមួយនឹងអាហារពិសេសៗប្រចាំនៅរមណីយដ្ឋានរហាត់ទឹក ដូចជា មាន់ដុត សម្លរម្ជូព្រៃទា បុកទឹកគ្រឿង ជាដើម ដែលមានតម្លៃសមរម្យ ដូចទៅនឹងតម្លៃនៅលើទីផ្សារធម្មតា ៕
ដោយ៖សុថាត់ (ប្រភព មន្ទីរព័ត៌មានខេត្តប៉ៃលិន )