សម្រស់ទឹកធ្លាក់ស្ទឹងពង្រូល ពិតជាមានភាពទាក់ទាញខ្លាំង
ក្រៅពីសម្រស់ដែនកោះ ដ៏ទាក់ទាញនោះ ខេត្តកោះកុង ក៏សម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ និង តំបន់ ទឹកធ្លាក់ជាច្រើនកន្លែងមិនចាញ់បណ្តាខេត្តនៅភូមិភាគឦសាន្តឡើយ ពិសេសនៅក្នុងព្រៃស្រោងនៃទឹកដី ស្រុកថ្មបាំង និង ស្រុកស្រែអំបិល ដែលជាផ្នែកមួយនៃតំបន់ធម្មជាតិអារែងតែម្តង ។
ទឹកធ្លាក់ស្ទឹងពង្រូល ជាទឹកធ្លាក់មួយ ដែលលាក់ខ្ឡួនក្នុងព្រៃ ដែលមានទេសភាពដ៏ស្រស់ត្រកាលគួរជាទីគយគន់ក្រៃលែង។ ប្រសិនបើភ្ញៀវទេសចរទាំងឡាយចង់ធ្វើដំណើរទៅលេងកម្សាន្តនៅទឹកធ្លាក់ស្ទឹងពង្រូលនោះគឺមានផ្លូវ ៣ ខ្សែ ទី១ផ្លូវចូលតាម ស្រុក ស្រែអំបិល និង ២ ខ្សែទៀតចូលតាមស្រុក កំពង់សិលាមានចម្ងាយជិត ៣០ គីឡូម៉ែត្រពីផ្លូវជាតិលេខ ៤ ។
ពេលនេះ ទឹកធ្លាក់ស្ទឹងពង្រូលមានផ្ទាំងថ្មធំៗដែលមានកម្ពស់ជាង ១០ ម៉ែត្រជ្រៀករហែកទៅដោយស្នាមប្រេះឱ្យទឹកហូររិចៗពីដងស្ទឹងពង្រូលតាមក្រហែងទម្លាក់ខ្លួនបែកផ្សែងត្រជាក់ល្ហឹម បាននឹងកំពុងតែបង្អួតភាពឆើតឆាយរបស់ខ្លួន ដោយបង្កើននូវភាព អស្ចារ្យខាងផ្នែកធម្មជាតិ និង ព័ទ្ធជុំវិញតំបន់ទឹកធ្លាក់នេះគឺសម្បូរទៅដោយដើមរុក្ខជាតិ ជាច្រើនប្រភេទធ្វើឱ្យយើងគ្រប់គ្នាបានគយគន់ហើយមិនភ្លេចសរសើរពីសម្រស់ធម្មជាតិ នៅទីនោះឡើយ។
គ្រប់រដូវកាល ទឹកធ្លាក់ស្ទឹងពង្រូល មានអំណោយផលល្អណាស់ ដែលបច្ចុប្បន្នខាងមន្ទីរទេសចរណ៍ខេត្តកោះកុងបាន និង កំពុងធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំទីនេះឱ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ ធម្មជាតិមួយ កាន់តែមានភាពទាក់ទាញ ។
លោក ឃិន សានិត ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងបានឱ្យដឹងថា នៅទឹកធ្លាក់ស្ទឹងពង្រូលមានទេសភាពទាក់ទាញខ្លាំងណាស់ ហើយនៅថ្ងៃអនាគតប្រសិនបើតំបន់នោះមានផ្លូវធ្វើដំណើរងាយស្រួលវិញនោះ ជឿជាក់ថានឹងមានភ្ញៀវទេសចរជាច្រើនមកលេងកម្សាន្ត ។ ស្ទឹងពង្រូលបានកើតឡើងពីធម្មជាតិពិតៗស្ថិតនៅក្នុងព្រៃនៃផ្នែកមួយក្នុងតំបន់អារ៉ែង ។
ពង្រូល ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្ដកោះកុង នៅក្នុងតំបន់អភិរក្សរបស់សហគមន៍ប្រជាពលរដ្ឋ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិរក្សព្រៃឈើ និង សម្បត្ដិធម្មជាតិរបស់ដូនតាឱ្យស្ថិតនៅគង់វង្ស ៕
ដោយ៖សុថាត់