ផ្អើលពិភពលោកទៀតហើយ ! ២ ថ្ងៃទៀត ព្រះអាទិត្យដ៏ស្អាតក្រៃលែង នឹងរះចំកំពូលអង្គវត្ត
ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន ២ ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និង សមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា ។ តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និង តម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សមរាត្រីនារដូវប្រាំងនៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ នេះ នឹងត្រូវចំថ្ងៃទី ២០ ខែមីនា ខាងមុខ ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ។
សមរាត្រីជាវេលាដែលថ្ងៃ និង យប់មានរយៈពេលស្ទើរតែស្មើគ្នា ។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ ។ ករណីពិសេសនៅអង្គរវត្តវិញ នាវេលាថ្ងៃ និង យប់មានរយៈពេលស្មើគ្នានេះ ហៅសមរាត្រីព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង ៥ និង ៥០នាទី ដល់ម៉ោងប្រហែល ៧ ព្រឹក នៅថ្ងៃព្រហស្បតិ៍ ០១ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៩ ។
នេះជាអច្ឆិរយការណ៍របស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និង តារាសាស្រ្ត ។ នេះគឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច ? ដើម្បីស្វែងយល់ពីអច្ឆរិយការណ៍នេះ សូមសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ អញ្ជើញទស្សនាតាមការគួរ ៕
អត្ថបទ៖ រាជ