តោះ ! ទៅពិសាអាហារសមុទ្រកោះខ្យងម្តង ល្បីថាឆ្ងាញ់ ហើយគ្រឿងសមុទ្រស្រស់ល្អទៀត !
កោះខ្យងគឺភូមិមួយ ដែលមានទីតាំងនៅជាប់នឹងសមុទ្រ ហើយជាទីកន្លែងមួយ ដែលសម្បូរទៅដោយ អាហារសមុទ្រ មានដូចជា បង្គារ ក្តាម មឹក បង្កង និង ត្រីសមុទ្រជាច្រើនទៀត ។ ហើយនៅពេលអានាគតរាជរដ្ឋាភិបាលនឹងមានគម្រោងអភិវឌ្ឈន៍តំបន់នេះឱ្យក្លាយជាកំពង់ផែដ៏ធំមួយ ។
ទីតាំងភូមិសាស្រ្តកោះខ្យង គឺជាភូមិមួយក្នុងចំណោមភូមិទាំង៦នៃឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្តះសីហនុ ភូមិទាំង៦នោះមានដូចជា ភូមិ ស្រែចាមលើ (ចំកណ្តាល) ភូមិកោះក្របី (ជាប់នឹងភ្នំ) ភូមិស្រែចាមក្រោម (ជាប់នឹងវាលស្រែ) ភូមិ ស្រែក្នុងអូរជ្រៅ (ជាប់នឹងវាលស្រែ) និង ភូមិកោះខ្យង (ជាប់នឹងសមុទ្រ) ។ ភូមិកោះខ្យងមានព្រំប្រទល់ខាងត្បូងជាប់ នឹង សមុទ្រ ខាងជើងជាប់នឹងភូមិស្រែចាមលើ ខាងកើតជាប់នឹងសមុទ្រ ខាងលិចជាប់ភូមិកោះថ្មី។
នៅទីនោះ ពីដំបូងគឺជាសមុទ្ រដោយសារតែមានមនុស្សរស់នៅច្រើន ហើយមនុស្សទាំងអស់នោះចោលសំរាមច្រើនទៅៗក៏បណ្តាលឱ្យកើតឡើងជាទីទួល បន្ទាប់មកទីនោះក៏ជាប់ឈ្មោះថា ជាកោះខ្យង។ កោះខ្យងនេះ ជាប់ឈ្មោះជាយូរណាស់មកហើយ ចំពោះមូលហេតុ ដែលគេហៅភូមិនេះថា ជាភូមិកោះខ្យងនេះ ពីព្រោះនៅទីនោះមានទីតាំងនៅជាប់សមុទ្រ និង កោះនាៗជាច្រើនទៀត ព្រមទាំងមានសណ្ឋានដីដូចជាកោះ និង សម្បូរទៅដោយខ្យងផងនោះ ទើបគេដាក់ឈ្មោះថា កោះខ្យង តែម្តងទៅ ។
កោះខ្យងគឺជាតំបន់ជំនួញតូចមួយ ប៉ុន្តែប្រជាជននៅទីនោះភាគច្រើនមានជីវភាពធូរធារ ដោយសារតែពួកគេសុទ្ធតែជាអ្នកជំនួញ។ នៅទីនោះមានប្រជាជនប្រហែលជា ២៥០ ទៅ ៣០០គ្រួសារ ដែលភាគច្រើនជាអ្នកនេសាទ ជាអ្នកលក់ដូរ និង បើកអាជីវកម្មផ្ទាល់ខ្លួន។
កោះខ្យងជាកន្លែងកម្សាន្ត ដែលមានទេសភាពដ៏ស្រស់ត្រកាល ធ្វើឱ្យភ្ញៀវទេសចរទៅឃើញហើយ មានអារម្មណ៍ស្រស់ស្រាយ ។ ភ្ញៀវទេសចរទាំងឡាយអាចភ្លក់រសជាតិគ្រឿងសមុទ្រថ្មីៗស្រស់ៗដែលអ្នកនេសាទទើបតែនេសាទបានថ្មីៗយ៉ាងឆ្ងាញ់ពិសារ ការដែលបានទៅភ្លក់រសជាតិម្ហូបសមុទ្រនៅទីនោះហើយ ភ្ញៀវទេសចរប្រាកដជាចង់ទៅម្តងទៀតជាពុំខាន ៕
ដោយ៖ សុថាត់