គាប់ភ្នែកជាមួយទេសភាពទឹកធ្លាក់ឆាយរកា ពិតជាស្រស់ស្អាតគ្មានពីរ
ទឹកធ្លាក់ឆាយរកា ស្ថិតនៅចំកណ្តាលជួរភ្នំក្រវ៉ាញ មិនឆ្ងាយប៉ុន្មានពីទីប្រជុំជន ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ឡើយ។ យើងមានមោទកភាព ដែលយើងបានទៅដល់ទឹកធ្លាក់ នៅក្នុងព្រៃជ្រៅមួយនេះ ដោយហេតុថា អ្នកនាំផ្លូវរបស់យើងបានប្រាប់ថា ទឹកធ្លាក់មួយនេះ ប្រជាជនក្នុងតំបន់មិនច្រើនទេ ដែលបានស្គាល់ទឹកធ្លាក់នេះ ។
បើយើងបានធ្វើដំណើរដោយម៉ូតូ ចេញពីអូរសោម ឆ្ពោះទៅទិសខាងត្បូង រហូតដល់ផ្លូវលំតូចមួយ ដែលនាំយើងចូលទៅក្នុងចម្ការចេក ហើយមិនយូរប៉ុន្មានផុតពីចម្ការចេក យើងត្រូវឆ្លងកាត់ឧបសគ្គជាអន្លើរៗ មានទាំង ផ្លូវចង្អៀត ផ្លូវចោតខ្លាំង ផ្លូវចុះចម្រាក់ ផ្លូវរអិល មានថ្មរដិបរដុប និង ជាពិសេសគឺ សត្វទៀកតែម្តង។ ចំណាយពេលប្រហែលជាងមួយម៉ោង ទើបយើងបានមកដល់ ទឹកធ្លាក់នេះ ដែលជាទីស្ងប់ស្ងាត់នៅកណ្តាលព្រៃ ។
ទឹកធ្លាក់ឆាយរកា មានកម្ពស់ប្រមាណជាង ២០ម៉ែត្រ តាមការសង្កេត មិនប្រាកដនោះទេ មានពីរដំណាក់។ ជាន់ខាងលើ កម្ពស់ប្រមាណជា ៤ ម៉ែត្រ មានទឹកធ្លាក់តិចៗ រដូវប្រាំង ហូរចាក់តាមថ្មរហូតដល់ជ្រោះជ្រៅ ផ្នែកខាងក្រោមទឹកធ្លាក់ មានអាងធំ ជម្រៅប្រហែល ២ ម៉ែត្រ ដែលយើងអាចចុះងូតទឹកបាន ៕
ដោយ៖សុថាត់ (ប្រភពៈពនេចរថតរូប)