ទឹកធ្លាក់អំពុតលាក់ខ្លួនក្នុងព្រៃភ្នំក្រំថ្ម មានល្បាក់ទឹកហូរធ្លាក់យ៉ាងស្រស់ស្អាត
ទឹកធ្លាក់អំពុត គឺជារមណីយដ្ឋានធម្មជាតិមួយ នៅលើទឹកដីខេត្តរតនគិរី ដែលបាន និង កំពុងតែលាក់ខ្លួនពួនអាត្មា នៅក្នុងព្រៃភ្នំក្រំថ្មមានល្បាក់ទឹកហូរធ្លាក់បាចសាចត្រជាក់ស្រិប ព្រមទាំងមានសម្រស់ទេសភាពដ៏ស្រស់បំព្រងអន្ទងចិត្ត ភ្ញៀវទេសចរ ឱ្យទៅទស្សនាថែមទៀត ។
ដោយសារតែសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរួមផ្សំនឹងប្រភពទឹកថ្លាឈ្វេងមិនចេះរីងស្ងួតផងនោះ ក៏បានធ្វើឱ្យទីនោះ ក្លាយបន្តិចម្តងៗទៅជាតំបន់ទេសចរណ៍ដ៏ប្រណិតមួយនៅក្នុងខេត្តរតនគិរី។ ស្ទើរតែរាល់ថ្ងៃ អ្នកស្រុក និង ភ្ញៀវទេសចរតែងតែនាំគ្នា ទៅងូតទឹកកម្សាន្តនៅទីនោះជាក្រុមៗ។ កាលពីពេលថ្មីៗនេះ កន្លែងដែលធ្លាប់តែមានសភាពស្ងាត់ជ្រងំនោះ ក៏បានប្រែក្លាយទៅជាកន្លែង ដែលមានភាពអ៊ូអរ ។
ទឹកធ្លាក់អំពុតគ្របដណ្តបលើផ្ទៃដីរាប់រយហិកតា ដែលហ៊ុមព័ទ្ធដោយបរិយាកាសធម្មជាតិល្អប្លែកនៅតំបន់ខ្ពង់រាប ដែលមានល្អាង និង ផ្ទាំងថ្មតូច ធំជាច្រើន ។ នៅលើទឹកដីនៃខេត្តរតនគិរីប្រហែលជាគ្មានកន្លែងណា ដូចទឹកធ្លាក់អំពុតនោះឡើយ ព្រោះតែភាពអស្ចារ្យរបស់អំពុតនេះហើយ បានធ្វើឱ្យអ្នកទស្សនាមានភាពចម្លែក និង ស្ងើចសរសើរពីសម្រស់ធម្មជាតិនៅទីនោះមិនដាច់ពីមាត់។ គ្រប់គ្នាមិនថាក្មេង ចាស់ ប្រុស ស្រីនោះឡើយ កាលបើបានទៅដល់ទឹកធ្លាក់អំពុតនោះហើយ ពួកគេតែងតែមិនភ្លេចចោលក្រសែភ្នែករំពៃគយគន់ទេសភាពមានព្រៃប្រឹក្សាក្រាស់ៗ និង ងូតទឹកកម្សាន្តលេងឡើយ ។
ផ្លូវដែលចូលទៅកាន់តំបន់ទឹកធ្លាក់អំពុតគឺមានលក្ខណៈពិបាក និង ស្ងាត់បន្តិច ហេតុនេះអ្នកទេសចរដែលចង់ទៅលេងកម្សាន្តនៅទីនោះ យកល្អគួរធ្វើដំណើរមានគ្នីគ្នាច្រើន ទើបបង្កើតបាននូវភាពសប្បាយរីករាយកាន់តែខ្លាំង។ ពីមុននៅទឹកធ្លាក់អំពុតពុំមានអ្វីក្រៅពីព្រៃឈើនោះទេ ប៉ុន្តែពេលនេះក៏បានប្រែមុខមាត់ថ្មីធ្វើឱ្យុភ្ញៀវទេសចរទាំងឡាយ ពិតជាមិនអាចបំភ្លេចបាននូវខ្សែទឹក ដែលហូរធ្លាក់ត្រជាក់ស្រិបមានតាំងពីយូរមកហើយនោះទេ ។
ភ្ញៀវទេសចរទាំងឡាយ ដែលបានធ្វើដំណើរទៅដល់ទឹកធ្លាក់អំពុតហើយនោះ ទោះបីជាមួយវិនាទី ឬក៏មួយម៉ោងក៏ដោយគឺពួកគេសុទ្ធតែបានទទួលនូវកម្រងអនុស្សាវរីយ៍ដ៏សែនមនោរម្យពីតំបន់នោះ ហើយបើតាមការនិយាយប្រាប់ពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងថា សម្រាប់លោកអ្នកដែលមិនធ្លាប់បានទៅលេងកម្សាន្តនៅទឹកធ្លាក់អំពុត ដែលស្ថិតនៅក្នុងទឹកដីស្រុកវឺនសៃ ខេត្តរតនគិរីនោះ គួរតែចំណាយពេលមកលេងបានម្តងប្រាកដជាសប្បាយរីករាយជាមួយនឹងធម្មជាតិដែលមានព្រៃពណ៌បៃតង ទឹកធ្លាក់ និង វាលស្មៅជាដើម ។
លោក ង៉ែត ពិទូ បានបន្តថា ទឹកធ្លាក់អំពុតមានកម្ពស់ប្រមាណជាង៥ម៉ែត្រ និង មានទឹកហូរធ្លាក់ជាដំណាក់ៗជំរាលតាមផ្ទាំងថ្មមិនចេះរីងស្ងួតបង្កើតបានជាភាពត្រជាក់ ។ ដើម្បីបង្កើននូវភាពសប្បាយរីករាយទ្វេឡើងនោះ ភ្ញៀវទេសចរ ដែលទៅលេងនៅទីនោះ ចាំបាច់គួរតែវេចខ្ចប់មកជាមួយនូវម្ហូបអាហារ ក៏ដូចជាភេសជ្ជៈផងដែរ សម្រាប់ជួបជុំគ្នាញ៉ាំនៅតាមក្រោមដើមឈើ ឬ តាមផ្ទាំងថ្មក្បែរទឹកហូរ។ លោកជឿជាក់ថា ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់ទឹកធ្លាក់អំពុត គឺពិតជាទទួលបាននូវកម្រងអនុស្សាវរីយ៍មួយមិនអាចបំភ្លេចបានឡើយ ៕
ដោយ៖សុថាត់