អាងទឹកកំពីងពួយ ទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល
កំពីងពួយជា អាងទឹក សម្រាប់ស្រោចស្រពបម្រើឱ្យវិស័យកសិកម្មរមួយយ៉ាងធំក្នុងខេត្តបាត់ដំបង និង មួយផ្នែកទៀតរបស់ ខេត្តប៉ៃលិន ។ វាមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យកសិកម្មតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានបម្រើឱ្យវិស័យទេសចរណ៍ យ៉ាងសកម្មថែមទៀតផង ។
ពេលនេះ អាងទឹកកំពីងពួយ បានក្លាយទៅជារមណីយដ្ឋាទេសចរណ៍មួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅលំហែកាយស្រូបយកខ្យល់អាកាស បរិសុទ្ធ ទស្សនាភ្នំ និង ងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។ ហើយប្រជាជននៅក្បែរអាងកំពីងពួយ មានអាជីវកម្មលក់ដូរ ធ្វើស្រែចម្ការ និង នេសាទត្រី រួមទាំងដាំដំណាំ បន្លែផ្លែឈើនឹងចិញ្ចឹមសត្វ ដែលបានផលប្រយោជន៍ពីអាងនេះ ។
អាងទឹកកំពីងពួយនេះត្រូវបានកសាងឡើងដោយរបបកម្ពូជាប្រជាធបតេយ្យ ហើយត្រូវបាន កែសម្រួលជាបន្តបន្ទាប់ដើម្បីបម្រើឱ្យការស្រោចស្រពឱ្យ វិស័យកសិកម្ម ដែលមានសមត្ថភាពស្តុកទឹកបាន ១៧០ លានម៉ែត្រគូប ផ្តល់ទឹកសម្រាប់ការស្រោចស្រពស្រូវវស្សាចំនួន ២៥ ០០០ ហិកតា ស្រូវប្រាំងចំនួន ១៥ ០០០ ហិកតា និង ដំណាំរួមផ្សំមួយចំនួនទៀត ។
ក្រៅពីអត្ថប្រយោជន៍ខាងលើ អាងទឹកកំពីងពួយ បានក្លាយទៅជារមណីយដ្ឋានទេសចរធម្មជាតិដ៏ស្រស់ត្រកាល និង ជាទីពេញនិយមរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ នៅគ្រប់រដូវកាល ។
អាងកំពីងពួយស្ថិតនៅក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយប្រមាណជា ៣៥ គីឡូម៉ែត្រ ចេញពីទីរួម ខេត្តបាត់ដំបង៕
ដោយ៖សុថាត់