ពិតជាមានគំនិតច្នៃប្រឌិតមែន ដាំផ្កាទាក់ទាញភ្ញៀវទេសចរហើយ នៅឆ្លៀតចិញ្ចឹមឃ្មុំយកទឹកលក់ទៀត
ប៉ុន្មានខែមកហើយ ដែលភ្ញៀវទេសចរបាននាំគ្នា ទៅលេងសួនផ្កានៅខេត្តត្បូងឃ្មុំ យ៉ាងច្រើនកោះករ ប៉ុន្តែអ្វីដែលគួរឱ្យកោតសរសើរនោះគឺម្ចាស់កសិដ្ឋាននេះបាន ប្រែក្លាយ សួនផ្ការបស់គាត់ ឱ្យទៅជាកសិដ្ឋានចិញ្ចឹមឃ្មុំដើម្បីយកទឹកឃ្មុំលក់ទៀតផង ។
ម្ចាស់កសិដ្ឋាននេះមានឈ្មោះ លោក ប៉ត សុផល បានកែច្នៃ សួនផ្ការបស់គាត់ឱ្យទៅជាកន្លែងចិញ្ចឹមឃ្មុំ ដើម្បីយកទឹកឃ្មុំលក់ ។ លោក ប៉ត សុផល បានឱ្យដឹងថា ការចិញ្ចឹមឃ្មុំ ដោយដាំផ្កាឈូករ័ត្ន និង ផ្កាស្បៃរឿងសម្រាប់ផ្គត់ផ្គង់តម្រូវការក្រេបលំអងរបស់សត្វឃ្មុំ គឺជាការល្អមួយ ដែលគាត់ បានជ្រើសរើស ហើយ គាត់មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់សត្វឃ្មុំនោះទេ ចម្ការផ្កាឈូករ័ត្ន និង ផ្កាស្បៃរឿងរបស់គាត់នេះ កំពុងក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរផងដែរ ។
លោក ប៉ត សុផល បានបញ្ជាក់ថា ផ្កាឈូករ័ត្ន និង ផ្កាស្បៃរឿងនេះ ត្រូវបានដាំនៅលើផ្ទៃដីទំហំប្រមាណជាង ៥ ហិកតា ដែលដាំទុកសម្រាប់សត្វឃ្មុំក្រេបកម្រងផ្កា និង ផ្ដល់ផលជាទឹកឃ្មុំ បានចន្លោះពី ២លីត្រ ទៅ ៤ លីត្រក្នុងមួយទូ ដោយអាស្រ័យលើសុខភាពឃ្មុំ នៅតាមទូចិញ្ចឹមនីមួយៗ ហើយអាចលក់តម្លៃ ៨ ម៉ឺនរៀលក្នុងមួយលីត្រ សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់គាត់ ។ កសិដ្ឋានចិញ្ចឹមឃុំ និង ដាំផ្កានេះ ស្ថិតនៅភូមិជីរោទិ៍ក្រោមទី២ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕