កោះដាច់ជាតំបន់ទេសចរណ៍ល្បី នៅជាយក្រុងភ្នំពេញ
កោះដាច់គឺជាតំបន់កម្សាន្តមួយ ដែលមានឈ្មោះល្បីគួរសមក្នុងចំណោម កន្លែងកម្សាន្តចំនួន៨កន្លែង ផ្សេងទៀតនៅក្នុងខេត្តកណ្តាល។ តំបន់នេះត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលសិប្បកម្ម ដែលស្ថិតនៅចំកណ្តាលនៃដងទន្លេមេគង្គ ដែលមានបណ្តោយប្រវែង១២គីឡូម៉ែត្រ ។
កោះដាច់មានព្រំប្រទល់ជាប់ ជាមួយឃុំព្រែកលួង នៅទិសខាងកើត និង ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ហើយខាងលិចស្ថិតនៅទន្ទឹមនឹង ឃុំព្រែកលាប និង ឃុំ បាក់ខែង ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នឃុំទាំងអស់ខាងលើនេះ ត្រូវប្រែខ្លួនជាសង្កាត់ចំណុះឱ្យខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នៅក្នុងសង្កាត់កោះដាច់ មានចំនួន ៥ភូមិ គឺ ភូមិកោះដាច់ ភូមិក្បាលកោះ ភូមិចុងកោះ ភូមិឧកញ៉ាតី និង ភូមិល្វា ដែលប្រជាជនរស់នៅក្នុងតំបន់នោះ ភាគច្រើនប្រកបរបរកសិកម្មដូចជា ដំណាំពោត សណ្តែក ល្ង ចេក ស្វាយ និង ដំណាំ ហូបផ្លែជាច្រើនទៀត ។
ក្រៅពីនេះគឺនៅ មានសិប្បកម្មត្បាញក្រមា មុង សារុងសូត្រ ហូល ផាមួងក្រមាសូត្រ និង ជំនួញជួញ ដូរខ្នាតតូចជាច្រើនទៀត ។ ជាក់ស្តែងស្ទើរគ្រប់លំនៅឋានរបស់ប្រជាពលរដ្ឋ គេតែងតែឃើញមានបន្សល់ទុកនូវកីតម្បាញនៅក្រោមផ្ទះ។ ផ្អែកតាមលក្ខណៈសម្បត្តិរបស់កោះដាច់ ដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងក្រាស់ក្រែល និង ប្រពៃណីផងនោះ បានធ្វើឱ្យតំបន់នេះប្រែក្លាយទៅជារមណីយដ្ឋានដ៏មានប្រជាប្រិយភាព និង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងស្រុក។
ដោយឡែក មកដល់ពេលបច្ចុប្បន្ននេះ កោះដាច់បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបម្រើសេវាកម្សាន្ត និង ទីតាំងដ៏ស្រស់ត្រកាល ដែលពោរពេញទៅដោយឆ្នេរខ្សាច់សក្បោះ ទឹកទន្លេដ៏ត្រជាក់ថ្លាយង់ ដែលអាចផ្តល់នូវអារម្មណ៍ស្រស់ថ្លាដល់ភ្ញៀវទេសចរទាំងអស់ ដែលបានទៅកម្សាន្តនៅទីនោះ៕
ដោយ៖សុថាត់