ថ្មអីក៏ដុះចម្លែកម្ល៉េះ មានរាងដូចប្រាសាទកំពូល៥ !
អ្នកស្រុកនៅ សំពៅលូន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគេប្រទះឃើញប្រាសាទ បុរាណ នៅជើងភ្នំ ជិតព្រំដែនកម្ពុជា-ថៃ ដោយពួកគាត់មានជំនឿថា មានបារមីស័ក្តិសិទ្ធិ ហើយនាំគ្នាបន់ស្រន់តែត្រូវបានមន្រ្តីជំនាញខេត្ត អះអាងថា ថ្មនោះមិនមែន ជាថ្មប្រាសាទបុរាណនោះទេគឺ ជាថ្មសំណឹក ធម្មជាតិមាន រាងដូច ជាប្រាសាទ កំពូល ៥ តែប៉ុណ្ណោះ ។
ថ្មមានរាងដូចប្រាសាទ ដែលអ្នកស្រុកប្រទះឃើញនោះគឺស្ថិតនៅចំណុចភ្នំប្រាសាទ ក្បែរអូរល្វា ក្នុងភូមិ ស្ពានយោល ឃុំ ជ្រៃសីម៉ា ស្រុក សំពៅលូន ខេត្ត បាត់ដំបង ។
លោក គឹម សុភ័ណ អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបាត់ដំបងបានឱ្យដឹងថា ទីតាំងខាងលើ គឺជាកូនភ្នំតូចមួយ ហើយថ្មនោះមានលក្ខណៈធម្មជាតិ គឺវាមានសំណឹកតាមរយៈត្រូវទឹកភ្លៀង ត្រូវខ្យល់រាប់សិបលានឆ្នាំទៅហើយ ដូច្នេះធ្វើឱ្យថ្មទាំងនេះ ប្រែប្រួលលក្ខណៈទ្រង់ទ្រាយ មានរាងដូចប្រាសាទមែន និង គ្មានការកសាង ដោយមនុស្សនោះឡើយ ។ ពោលគឺថ្មនេះ វាក៏មានលក្ខណៈដូចថ្មនៅភ្នំសំពៅប្រាំ ស្ថិតនៅលើភ្នំបូកគោ ខេត្តកំពត វាមានសំណឹកដូចគ្នានោះផងដែរ ។
មន្រ្តីជំនាញខេត្តបាត់ដំបង ដែលចុះទៅត្រួតពិនិត្យថ្មនោះបានអះអាងថា ថ្មនោះមិនមែន ជាថ្មប្រាសាទ បុរាណ នោះទេគឺ ជាថ្មសំណឹក ធម្មជាតិមានរាង ដូចជាប្រាសាទកំពូល ៥ ។
ថ្មមានរាងជាប្រាសាទនេះ ត្រូវបានអ្នកស្រុកប្រទះឃើញជាច្រើនឆ្នាំមកហើយ ទើបតែមួយរយៈចុងក្រោយនេះ មានការនិយាយតៗគ្នា និង ការថតបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមពីប្រជាពលរដ្ឋទើបមន្ត្រីជំនាញចុះពិនិត្យ ជាក់ស្តែង ហើយបង្ហាញថា មិនមែនជាប្រាសាទបុរាណ នោះទេ ។
ថ្មមានរាងដូចប្រាសាទបុរាណនេះ ត្រូវបានប្រជាពលរដ្ឋ នៅក្នុងតំបន់នោះមានជំនឿថា មានបារមី ស័ក្តិសិទ្ធ ដោយតែងតែនាំគ្នា ទៅបន់ស្រន់សុំសេចក្តីសុខបានដូចបំណង ជាពិសេសបន់ស្រន់សុំទឹកភ្លៀង ជារៀងរាល់ឆ្នាំ នៅពេលជួបបញ្ហាគ្រោះរាំងស្ងួតម្ដងៗ ក្រោយពីបន់ស្រន់រួច ក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិតប្រាកដមែន ៕
ដោយ ៖ ដេវីត