តោះ! ទស្សនាទោចថ្ពាល់លឿង នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង ខេត្តរតនគិរី
តំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាងខេត្តរតនគិរី ជាតំបន់ ដែលមានធន់ធានធម្មជាតិដ៏មហាសាល ដែលអ្នកទេសចរមិនអាចមើលរំលងឡើយ ពិសេសទៅទៀតនោះគឺការទស្សនាសត្វទោចថ្ពាល់លឿងដ៏កម្រដែលជិតផុតពូជនៅលើភពផែនដីទៅហើយ ប៉ុន្តែវាមានរស់នៅយ៉ាងច្រើននៅតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ។
បើចង់ទៅទីនោះត្រូវ ចេញដំណើរពីកន្លែងអេកូទេសចរណ៍ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តរតនគិរី ឆ្ពោះទៅ ភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី ដោយមធ្យោបាយម៉ូតូឬឡាន តាមតម្រូវការរបស់ភ្ញៀវ ។ នៅពេលទៅដល់ ភូមិវើនសៃឬ ភូមិកងណកហើយនោះត្រូវជួលម៉ូតូពីអ្នកភូមិសម្រាប់ការធ្វើដំណើរបន្តទៅឧទ្យានជាតិវើនសៃ-សៀមប៉ាង ។
នៅតាមដងផ្លូវនោះដែរ ក៏មានទេសភាពស្អាតៗជាច្រើនកន្លែង ដែលនៅជុំវិញតំបន់នោះ យើងអាចទស្សនាសត្វស្លាប អាចមុជទឹកអូរឬទឹកជ្រោះ និង ជិះកង់ទស្សនាកម្សាន្តផងដែរ។
ក្រោយក្រោកពីដំណេក នៅភូមិវើនសៃ ឬ ភូមិកងណក តាំងពីមិនទាន់ភ្លឺគឺប្រហែលជាម៉ោង៤ និង ៣០ នាទីទៀបភ្លឺ លោកអ្នកអាចទៅស្តាប់នូវសូរសំឡេងសត្វទោចយំដ៏សែនរណ្តំក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ។
បន្ទាប់ពីទស្សនាសត្វទោចរួចរាល់ហើយ ក៏នាំគ្នាត្រឡប់មកផ្ទះសំណាក់ក្នុងភូមិវិញ ជាមួយការទទួលទានអាហារពេលព្រឹករួមគ្នាផងដែរ។លុះដល់ម៉ោងប្រហែលជា ៩ អាចចេញដំណើរ ដោយមធ្យោបាយម៉ូតូត្រឡប់មកភូមិរហូតដល់ក្រុងបានលុងវិញ ៕
ដោយ៖សុថាត់