មិននឹកស្មានថា នៅតំបន់អេកូទេសចរណ៍អូរសោមមានទឹកធ្លាក់ច្រើនកន្លែងបែបនេះសោះ !
តំបន់អេកូទេសចរណ៍ធម្មជាតិឃុំ អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាទីប្រជុំដោយសម្បត្តិធម្មជាតិដ៏មហាសាល កម្រមានអ្នកទៅដល់ណាស់។ សម្រាប់អ្នកចូលចិត្តធ្វើការផ្សងព្រេងនៅតំបន់ធម្មជាតិនានា ក្នុងប្រទេសកម្ពុជា អាចទៅទីតាំងនោះបាន ពីព្រោះតំបន់អេកូទេសចរណ៍អូរសោម មានទស្សនីយភាពដ៏អស្ចារ្យជាច្រើនមិននឹកស្មានដល់ ។
ក្នុងតំបន់ទេសចរណ៍ឃុំអូរសោម ភ្ញៀវទេសចរ អាចសម្រាកផ្ទះស្នាក់របស់អ្នកស្រុក មានអាហារប្រចាំតំបន់ប្លែកៗ និង មានមគ្គុទ្ទេសក៍ នាំដើរកម្សាន្តទៅកាន់តំបន់ប្លែកៗជាច្រើន។ ក្នុងនោះមានដូចជាទឹកធ្លាក់រហូតដល់ទៅ៧កន្លែងផ្សេងគ្នា មានបឹងដ៏ធំ ទស្សនាក្រពើព្រៃ និង តំបន់វាលវែងគ្របដណ្ដប់ដោយធម្មជាតិដ៏ស្រស់បំព្រង ។
នៅក្នុងតំបន់អេកូទេសចរណ៍អូរសោមនោះ ក៏មានទឹកធ្លាក់អូរកន្ធាយមួយទៀតបង្កប់ខ្លួននៅទីនោះ ដែលមានទេសភាពស្រស់ស្អាតខ្លាំង ប៉ុន្តែមិនសូវមានអ្នកទៅដល់នោះទេ។ នៅតាមផ្លូវឆ្ពោះទៅទីនោះ យើងត្រូវជិះកាត់ផ្លូវលំតូចៗ មានចម្ការចេករបស់អ្នកស្រុក ត្រូវឆ្លងកាត់ផ្លូវឡើងចំណោត ចុះចំណោត និងឧបសគ្គជាច្រើន រហូតទៅដល់ទឹកធ្លាក់អូរកន្ធាយ ។ ប៉ុន្តែមិនធ្វើឱ្យការផ្សងព្រេងនោះ ឥតប្រយោជន៍ឡើយ ព្រោះភាពអស្ចារ្យនៃធម្មជាតិនៅទីនោះ បានធ្វើឱ្យភាពហត់នឿយប្រែក្លាយមកជាធូរស្បើយមួយរំពេច ។
ក្រៅពីទៅដល់ទឹកធ្លាក់ អូរកន្ធាយ យើងអាចបន្តដំណើរទៅទឹកធ្លាក់មួយកន្លែងទៀតមានឈ្មោះថា ទឹកធ្លាក់ឆាយប្រុយ មានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនអូរសោមឡើយ។ បើធ្វើដំណើរពីកោះកុងមកខេត្តពោធិ៍សាត់ តាមជួរភ្នំក្រវាញ អាចឆៀងចូលតំបន់ទឹកធ្លាក់នេះបានយ៉ាងងាយស្រួល តែបើយើងមកពីខេត្តពោធិ៍សាត់វិញ ត្រូវធ្វើដំណើរហួសពីទីប្រជុំជនអូរសោម ប្រមាណជិត៣០គីឡូម៉ែត្រទៀតទើបដល់ទឹកធ្លាក់ឆាយប្រុយ ។
តំបន់អេកូទេសចរណ៍ធម្មជាតិអូរសោម ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណជា ១៥៣ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ៕
ដោយ៖សុថាត់ (ប្រភព មន្ទីរទេសចរណ៍ខេត្ត)