រមណីយដ្ឋានព្រែកក្តាតរីសត មានទេសភាពស្រស់ស្អាតគ្មានពីរ ឃើញហើយចង់ទៅលេងភ្លាម !
ខេត្តកំពតបានរំលេចនូវរមណីយដ្ឋានធម្មជាតិមួយទៀតមានឈ្មោះថា ក្តាតរីសត ដែលភ្ញៀវទេសចរជាតិ និង អន្តរជាតិទាំងឡាយអាចទៅបោះតង់, ជិះទូកកាយ៉ាក,មើលអំពិលអំពែក, មើលព្រៃកោងកាង…ជាដើម ។
ក្តាត គឺជាឈ្មោះភូមិដ៏ស្រស់ស្អាតមួយ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងឃុំព្រែកត្នោត ស្រុក ទឹកឈូ ខេត្ត កំពត ដែលមានចម្ងាយប្រមាណជា ២១ គីឡូម៉ែត្រ ពីទីរួមខេត្ត និង ១៦៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។
ភូមិនេះពិតជាមានលក្ខណៈពិសេសខ្លាំងណាស់ ព្រោះជាភូមិដែលឋិតនៅជាប់នឹងជើងភ្នំ បូកគោ ជាប់សមុទ្រ មានភូមិនេសាទ មានព្រៃកោងកាង មានទឹកធ្លាក់ជាច្រើនកន្លែង មានព្រែកដ៏ស្រស់ស្អាត និង ជាផ្នែកមួយ នៃ ប្រភពគ្រឿងសមុទ្រ ។
ដោយមើលឃើញពីភាពស្រស់ស្អាតនៃភូមិមួយនេះ ទើបម្ចាស់ដីបានសម្រេចយកទីតាំងមួយកន្លែងនៅក្នុងភូមិនេះ បង្កើតឱ្យទៅជារមណីយដ្ឋានបែបធម្មជាតិមួយ សម្រាប់ភ្ញៀវទេសចរស្នាក់នៅ ដែលមានឈ្មោះថា ក្តាតរីសត គឺជាទីស្នាក់មួយ ដែលមានលក្ខណៈជាការបោះតង់ នៅក្នុងពិភពធម្មជាតិ អាចឱ្យភ្ញៀវទទួលបាននូវអារម្មណ៍ពិសេសមួយ នៅពេលដែលបានទៅស្នាក់កម្សាន្តនៅទីនោះ ។
បើតាមការផ្សាយរបស់រមណីយដ្ឋាន ព្រែកក្តាតរីសត បានឱ្យដឹងពីសេវាកម្មនៅទីនោះគឺមានបន្ទប់ជួលតម្លៃចាប់ ពី ២៥ ទៅ ៥០ ដុល្លារ , មានតង់ ១២ ដុល្លារ , អាចជិះទូកកាយ៉ាក , ជិះទូកទៅសមុទ្រ មើលផ្កាថ្ម ទៅលេងទឹកជ្រោះតូចនៅក្បែរទីនោះ, អាំងសាច់ រាំច្រៀង មើលអំពិលអំពែក ចាក់បង្គា ត្រី ក្តាម,,,, មានរៀបចំអាហារប៊ូហ្វេ ទទួលភ្ញៀវបានរហូតដល់ទៅ ១៥០ នាក់ ៕
ដោយ ៖ដេវីត