ទៅកំពង់ឆ្នាំង កុំភ្លេចជិះទូកទស្សនាទេសភាពបឹងទន្លេសាប នារដូវរំហើយ
បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង គឺជាកន្លែងដែលអ្នកទេសចរចូលចិត្តទៅលេងកម្សាន្តជាងគេ ហើយភ្ញៀវទេសចរភាគច្រើនតែងតែកោតសរសើរថា ទឹកដីខេត្តកំពង់ឆ្នាំងជាខេត្ត ដែលមានទេសភាពបឹងទន្លេសាបស្រស់ស្អាតជាងគេនៅក្នុងប្រទេសកម្ពុជា ជាពិសេសនារដូវធ្លាក់ខ្យល់ពីជើងដូច្នេះមានភាពស្រស់ បំព្រងណាស់ ។
ទេសភាពបឹងទន្លេសាបខេត្តកំពង់ឆ្នាំងបានទាក់ទាញភ្ញៀវទេសចរ និង អ្នកដំណើរជាច្រើនមកទស្សនាជារៀងរាល់ថ្ងៃ។ អ្នកស្រុកភាគច្រើនចិញ្ចឹមជីវិត ដោយការនេសាទត្រីនៅលើផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងនេះ ហើយជាមួយនឹងទេសភាពបឹង ទន្លេសាបនេះ លោកអ្នកអាចទស្សនាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលបានផងដែរ ប្រសិនបើយើងធ្វើដំណើរប្រហែលជា ១គីឡូម៉ែត្រចេញពីទីរួមខេត្តកំពង់ឆ្នាំង ។
តំបន់បឹងទន្លេសាបមានទីតាំងនៅខាងមុខផ្សារក្រោមនេះ មានផ្ទះបណ្តែតទឹក និង ហ្វូងសត្វស្លាបជាច្រើនប្រភេទ ជាពិសេសភ្ញៀវទេសចរអាចទស្សនាបានផងដែរ ជាមួយការនេសាទត្រីនៅពេលព្រឹកព្រលឹម ជាដើម ។
តំបន់ទេសភាពបឹងទន្លេសាបមុខផ្សារក្រោមនៃខេត្តកំពង់ឆ្នាំងជាកន្លែង ដែលភ្ញៀវទេសចរបរទេសចង់ស្វែងយល់អំពីរបៀបនេសាទរបស់ខ្មែរយើង រួមទាំងផ្ទះជាច្រើន ដែលសាងសង់ឡើងបណ្តែតតាមទឹកឡើងឬស្រកនិងវាជាឡូត៍នេសាទត្រីនៅរដូវទឹកស្រក ដែលមានបែលចិញ្ចឹមត្រីទៀតផង។
បឹងទន្លេសាបត្រូវបានគេចាត់ទុកថា ជាបឹងទឹកសាបមួយធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងជាជង្រុកធនធាន ធម្មជាតិយ៉ាងសម្បូរបែបរបស់ប្រទេសកម្ពុជា ហើយក៏ជាបឹងមួយមានសម្រស់ ទេសភាពស្រស់ស្អាតទាក់ភ្នែកអ្នកទេសចរគ្រប់រូប ដែលបានធ្វើដំណើរឆ្លងកាត់តាម បឹងនេះផងដែរ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ដោយសារតែបឹងទន្លេសាបជាបឹងមួយ ដែលមានសក្តានុពលធនធានជលផលប្រព័ន្ធជីវៈចម្រុះដូចជាពពួកសត្វស្លាប ព្រៃលិចទឹកជាដើមនោះ បឹងទន្លេសាបក៏ជាតំបន់ទេសភាពមួយដ៏ស្រស់បំព្រងសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិទស្សនាកម្សាន្ត ដែលមានទិដ្ឋភាពប្លែកៗដូចជាគយគន់ហ្វូង សត្វស្លាប ព្រៃលិចទឹក ភូមិអ្នកនេសាទ និង ទស្សនាព្រះសូរិយាអស្តង្គតជាដើម ។
វិសាលភាពនៃផ្ទៃបឹងទន្លេសាបត្រូវបានលោក សេង សាលី បញ្ជាក់ថា មានព្រំប្រទប់ជាប់ខេត្តចំនួនប្រាំគឺកំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង និង ខេត្តពោធិ៍សាត់ដែលមានផ្ទៃដីទំហំ៣១៦ ២៥០ហិកតា។តំបន់ទេសភាពបឹងទន្លេសាបត្រូវបានគេប្រទះ ឃើញមានភាពស្រស់បំព្រងណាស់រួម ទាំងសត្វស្លាបមានដូចជាតាដក់ ទុង ក្អែក កុក ទំនៅតាមព្រៃរនាម និងព្រៃលិចទឹក នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រទឹកដីខេត្តពោធិ៍សាត់ និង ខេត្តមួយចំនួនទៀត នៅតាមបណ្តោយបឹងទន្លេសាបគួរឱ្យចង់គយគន់បំផុត ។
លោក សេង សាលី បានបញ្ជាក់ទៀតថា ទេសភាពបឹងទន្លេសាប ដែលមានព្រៃលិចទឹក ហ្វូងសត្វស្លាប ភូមិបណ្តែតទឹក នៅខេត្តកំពង់ឆ្នាំង វាជាចំណែកមួយមិន អាចខ្វះបាន សម្រាប់វិស័យទេសចរណ៍ របស់ខេត្ត ហើយជារៀងរាល់ថ្ងៃយើងសង្កេតឃើញថា មានភ្ញៀវទេសចរជាច្រើនបាន មកទស្សនាតំបន់បឹងទន្លេសាបនាខេត្តកំពង់ឆ្នាំង ជាពិសេសនៅម្តុំមាត់ទន្លេផ្សារក្រោមតែម្តង ។
បន្ទាប់ពីនោះភ្ញៀវទេសចរទាំងឡាយក៏អាចបន្តដំណើរទៅលេងកម្សាន្តនៅតាម តំបន់ព្រៃរនាម ព្រៃលិចទឹក និង តំបន់ដែលសម្បូរទៅដោយសត្វស្លាបនៅតាមបឹងទន្លេសាបនាទឹកដីខេត្តកំពង់ឆ្នាំងបានផងដែរ។ និយាយជារួមតំបន់ទេសភាពបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំងគឺជាកន្លែងមួយដែលភ្ញៀវទេសចរចូលចិត្តទស្សនាបំផុត ៕
ដោយ៖សុថាត់