បឹងស្នេហ៍តំបន់អភិរក្សសត្វស្លាប ដ៏ទាកទាញនៅខេត្តព្រៃវែង
តំបន់អភិរក្សបឹងស្នេហ៍គឺជាដីសាធារណៈដ៏ទាក់ទាញមួយ ដែលមានទំហំ ៨៣ ហិកតាស្ថិតនៅ ភូមិបឹងស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជាប្រភេទដីព្រៃល្បះបឹង និង ព្រៃលិចទឹកដោយមានជំនួយពីអង្គារ woman (វូមែន) ក្នុងការអភិរក្សការពារធនធានធម្មជាតិ សម្រាប់ឱ្យសត្វព្រៃ គ្រប់ប្រភេទរស់នៅបង្កាត់ពូជ ជាពិសេសគឺសត្វស្លាបតែម្ដង។
បច្ចុប្បន្ននេះមានសត្វជាច្រើនដូចជា សត្វ កុក សំបកត្រពាំង ខ្វែក ក្អែកទឹក ស្មោញ ននៀលខ្ចង ទុង ក្រសារ ដែលមាននៅទីនេះ។ ក្រោមការអភិរក្សរ ធ្វើឱ្យតំបន់នេះកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។
លោក សឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែងបានឱ្យ ដឹងថា តំបន់អភិរក្សបឹងស្នេហ៍មានជំនួយពីក្រៅប្រទេសគឺអង្គការ WOMAN (វូមែន) ហើយក៏មានសហគមន៍អ្នកស្ម័គ្រចិត្តនៅក្នុងមូលដ្ឋានជួយអភិរក្សផងដែរ ។ ពីមុនមកមិនសូវមានសត្វច្រើនរស់នៅទេ ទើបតែរយៈពេលប៉ុន្មានឆ្នាំនេះសម្បូរហ្វូងសត្វបក្សីចម្រុះជាច្រើនប្រភេទ នៅទួលពាន់តាឡី នៅបឹងស្នេហ៍នេះ និង បង្កាត់ពូជ ព្រោះមានការអភិរក្ស ហើយការអភិរក្សនេះ យើងអភិរក្សទាំងធនធានធម្មជាតិ និង សត្វគ្រប់ប្រភេទ។
បឹងស្នេហ៍ជាកន្លែងអភិរក្ស ដែលយើងបង្កើតទៅជា សហគមន៍អភិរក្ស ដោយមានអាជ្ញាធរសហការដែលមានជំនួយពីក្រៅប្រទេសគឺអង្គការWOMAN (វូមែន)លើផ្ទៃដីទំហំ ៨៣ ហិកតា ដែលហាមឃាត់មិនឱ្យមានការបរបាញ់សម្លាប់នោះឡើយ តំបន់បឹងស្នេហ៍ ស្ថិតនៅជាប់ភូមិសាស្ត្រ ក្រុងព្រៃវែង ស្រុកបាភ្នំ ស្រុកស្វាយអន្ទរ និង ស្រុកពាមរក៍៕
ដោយ៖សុថាត់