ទេសភាពនៅតំបន់ទេសចរណ៍មេជ្រៃ ឃើញហើយចង់ទៅលេងភ្លាម !
ក្រៅពីការទស្សនាប្រាង្គប្រាសាទនៅខេត្តសៀមរាប ការទស្សនាលើផ្ទៃបឹងទន្លេសាប អមជាមួយការគយគន់ហ្វូងសត្វស្លាបជាច្រើនប្រភេទ រួមនឹងសម្រស់ព្រៃលិចទឹកខៀវស្រងាត់ ដ៏សែនល្វឹងល្វើយ ក៏ជាផ្ទាំងទស្សនីយភាពអស្ចារ្យមួយ ដែលបានអន្ទងដួងចិត្ត និង ទាក់ទាញចំណាប់អារម្មណ៍របស់ ភ្ញៀវទេសចរឱ្យទៅទស្សនាទីនោះផងដែរ ។
មេជ្រៃ ជាតំបន់ទេសចរណ៍នៅលើផ្ទៃទឹកធម្មជាតិមួយក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀតនៅខេត្តសៀមរាប ដែលកំពុងក្លាយជាតំបន់ទេសចរណ៍ ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាច្រើនផងដែរ ។
តំបន់ទេសចរណ៍នៅលើផ្ទៃទឹកធម្មជាតិ មេជ្រៃ ស្ថិតនៅក្នុង ឃុំកែវពណ៌ ស្រុកពួក មានចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ។ តំបន់ទេសចរណ៍មួយនេះ មានប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក ជាមួយការប្រកបរបរនេសាទប្រមាណជា ៥០០នាក់ តែមិនមានជនជាតិវៀតណាម ដូចតំបន់ដទៃនោះឡើយ គឺសុទ្ធសឹងជាពលរដ្ឋខ្មែរម្ចាស់ស្រុកតាំងទីលំនៅរាប់ តំណមកហើយ ។
នៅ មេជ្រៃ ភ្ញៀវទេសចរត្រូវធ្វើដំណើរលើទូកម៉ាស៊ីន ប្រកបដោយសុវត្ថិភាព ដែលអាចផ្ទុកចំណុះអ្នកកម្សាន្តប្រមាណពី ៣០ ទៅ ៦០នាក់ តាមដៃបឹងទន្លេសាប ដោយបាន គយគន់សម្រស់ព្រៃលិចទឹក រំលេចដោយផ្ទៃទឹករលកចាំងជាមួយពន្លឺព្រះសូរិយា ព្រិចៗជួយឱ្យរំសាយអស់ក្តីកង្វល់។ បន្ទាប់ពីការបណ្តែតអារម្មណ៍ជាមួយសម្រស់លើផ្ទៃបឹង ប្រមាណជា ២០នាទី ភ្ញៀវទេសចរនឹងបានឃើញ ផ្ទះ តូច ធំ បណ្តែតនៅលើផ្ទៃទឹក ភ្ជាប់ជាមួយនឹងបែលចិញ្ចឹមត្រីជាប់ៗគ្នា ។
តំបន់ទេសចរណ៍ មេជ្រៃ ត្រូវបានមន្ទីរទេសចរខេត្តសៀមរាប រំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរបានច្រើនជាងតំបន់ចុង ឃ្នៀស ប្រសិនបើមានការកែច្នៃ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អប្រសើរជាងនេះទៀតនោះ ព្រោះតំបន់នេះស្ថិតនៅជិតតំបន់ព្រែកទាល់ ជាងតំបន់ចុងឃ្នៀស ៕
ដោយ៖សុថាត់(រូបថតៈទេសចរណ៍-Tourism)