ទៅខេត្តកំពត កុំភ្លេចចូលទៅលេងទំនប់ម្លិច !
ប្រសិនបើភ្ញៀវទេសចរបានធ្វើដំណើរទៅកម្សាន្តនៅខេត្តកំពត គួរណាស់តែឈៀងចូលទៅទស្សនា ទំនប់ម្លិច មុននឹងធ្វើដំណើរទៅកន្លែងផ្សេង នៅទីនោះ ពិតជាមានអាកាសធាតុល្អបរិសុទ្ធ ទេសភាពជាប់នឹងជើងភ្នំ ពិតជាស្រស់ស្អាតក្រៃលែង ។
ទំនប់ម្លិច មានទីតាំង ស្ថិតនៅក្នុង ឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត ។ទំនប់ម្លិចនេះ បាន និង កំពុងតែក្លាយទៅជាកន្លែងងូតទឹកលេងកម្សាន្តដ៏ពេញនិយមរបស់ប្រជាពលរដ្ឋ និង ក្រុមយុវវ័យ ជាពិសេសនៅទីនោះ ក៏មានប្រជាប្រិយភាពខ្លំាងអាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុកយ៉ាងច្រើន នៅពេលមានពិធីបុណ្យទានធំៗម្តង ។
ភ្ញៀវទេសចរទៅលេងទំនប់ម្លិចគឺអាចទស្សនាបានជាមួយផ្ទាំងទស្សនីយភាពធម្មជាតិប្លែកៗដូចជាជួរភ្នំវែងអន្លាយភូមិដ្ឋាន អ្នកស្រុក វាលស្រែចម្ការដំណាំជាដើម ដែលរាល់ទិដ្ឋភាពបែបនេះបានញុំាងឱ្យដួងចិត្តរបស់លោកអ្នកកាន់តែត្រេកត្រអាល ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរខេត្តកំពតបាននិយាយថា ទំនប់ម្លិចមានទីតាំងស្ថិតនៅចន្លោះខេត្តតាកែវ និង ខេត្តកំពត នៅម្តុំភ្នំនរាយណ៍ និង ភ្នំមេអំបៅមានចម្ងាយផ្លូវប្រមាណជា៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ទំនប់ម្លិចបានតាមបណ្តោយផ្លូវជាតិលេខ៣ និង ចុះពីផ្លូវជាតិប្រហែល៣គីឡូម៉ែត្រឆ្ពោះទៅកាន់ទឹកដីឃុំជ្រេស ស្រុកជុំគិរី។ ជាក់ស្តែងកាលពីថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យអុំទូកកន្លងទៅថ្មីៗនេះ នៅទំនប់ម្លិចមានភ្ញៀវទេសចរទៅលម្ហែកម្សាន្តជាច្រើនគួរឱ្យកត់សម្គាល់ ។
ទំនប់ម្លិចត្រូវបានកសាងឡើងនៅចុងឆ្នាំ១៩៧៧ ប្រើដោយកម្លាំងមនុស្សរាប់ម៉ឺននាក់នៅក្នុងរបប ប៉ុល ពត ដែលយើងអាចនិយាយបានថា វាជាកន្លែងមួយបន្សល់ទុកនូវស្លាកស្នាមដ៏ជួរចត់ក៏ប៉ុន្តែ ពេលនេះ កម្ពុជាបានប្រែក្លាយទំនប់ម្លិចពីតំបន់ដ៏សោកសៅមកជាតំបន់ ដ៏សប្បាយរីករាយ និង អភិវឌ្ឍន៍ឱ្យមានការរីកចម្រើន លើគ្រប់វិស័យជាពិសេស វិស័យទេសចរដែលត្រូវបានចាត់ទុកជាមាសបៃតងនោះ ៕
ដោយ៖សុថាត់