ទៅលេងរមណីយដ្ឋានល្បាក់កំរោញ កុំភ្លេចហួសទៅលេងចម្ការក្រូចពោធិ៍សាត់ !
រមណីយដ្ឋានល្បាក់កំរោញ ស្ថិតនៅក្នុង ភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ រំលេចនូវភាពស្រស់បំព្រងនៃព្រៃឫស្សីតូចៗ ដែលដុះទេរត្របាញ់ចូលគ្នា បង្កើតបានជាដំបូលឫស្សីដ៏ត្រជាក់ សម្រាប់ការអង្គុយលម្ហែមុនពេលដើរ ចុះមាត់ទឹក ។
បើចង់ទៅលេងរមណីយដ្ឋានល្បាក់កំរោញ ត្រូវធ្វើដំណើរលើផ្លូវជាតិលេខ៥៥ ដែលលាតសន្ធឹងពីក្រុងពោធិ៍សាត់ ដល់ឃុំថ្មដាជាប់ព្រំប្រទល់ ខេត្ដត្រាត ប្រទេសថៃ ប្រវែងជាង ១៨០ គីឡូម៉ែត្រ និង ចម្ងាយប្រមាណជា ៥៥ គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ភ្ញៀវទេសចរនឹងបានឃើញស្លាកសញ្ញាមួយ នៅខាងឆ្វេង ដែលចង្អុលបង្ហាញពីគោលដៅរមណីយដ្ឋានល្បាក់កំរោញ កំពុងរង់ចាំវត្ដមានរបស់ភ្ញៀវឆៀងចូលលេងកម្សាន្ត។
បន្ទាប់ពីទៅលេងកម្សាន្ដនៅរមណីយដ្ឋានល្បាក់កំរោញ ដ៏សប្បាយរីករាយ ហើយភ្ញៀវទេសចរកុំភ្លេចបង្ហួសទៅទស្សនាចម្ការក្រូចពោធិ៍សាត់របស់កសិករនៅតាមដងផ្លូវចូល និង ភ្លក្សរសជាតិក្រូចអ្នកស្រុកនៅទីនោះ ៕
ដោយ៖សុថាត់