ប្រាសាទភ្នំក្រោម ជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រ ដែលភ្ញៀវបរទេសនិយមទៅមើលថ្ងៃលិច !
សព្វថ្ងៃនេះ នៅភ្នំក្រោមកំពុងក្លាយជាទីកន្លែងដែលភ្ញៀវទេសចរបរទេសនិយមទៅមើលថ្ងៃលិចចូលទៅក្នុងបឹង ទន្លេសាប និង ក៏ជាកន្លែងហាត់ប្រាណផងដែរ ។ ជារៀងរាល់ថ្ងៃក្រៅពីទស្សនាប្រាសាទបុរាណ និង មានអ្នកទៅលម្ហែកម្សាន្តព្រមទាំងហាត់ប្រាណក៏មានអ្នកទៅមើលថ្ងៃលិចនៅទីនោះផងដែរ ។
ប្រាសាទភ្នំក្រោម ជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រមានទីតាំងស្ថិតនៅលើកំពូលភ្នំ មានរយៈកម្ពស់ ១៤០ ម៉ែត្រ នៅទិសនិរតីមានចម្ងាយ ១២ គីឡូម៉ែត្រពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូង ហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។
បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ប្រាសាទភ្នំក្រោមត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើត នាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែងក្នុងរាជ្យព្រះបាទ យសោវរ្ម័នទី ១ (ឆ្នាំ ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ ប្រាសាទភ្នំក្រោមស្ថិតនៅក្នុងកំពែងរាងបួនជ្រុងស្មើ មួយជ្រុងប្រវែង៥០ម៉ែត្រ និងមានតួប៉មបីជាជួរចំអ័ក្សខាងជើង និងខាងត្បូងនៅលើខឿនដែលមានកម្ពស់ ១ ម៉ែត្រ ២ តឹក និងមានប្រាសាទចំនួន ៤ ទៀតនៅខាងកើត ហើយបែរមុខទៅរកប្រាសាទចម្បងទាំងបី ។
បើសង្កេតទៅលើស្ថានភាពជាក់ស្ដែង ប្រាសាទភ្នំក្រោមនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ។ បើពិនិត្យទៅលើគុណភាពថ្មភក់មានសភាពពុកផុយដែលជាកត្ដានាំឱ្យតួ ប្រាសាទទាំងមូលប្រេះស្រាំស្ទើរតែនៅគ្រប់ផ្ទាំងស្រទាប់ថ្មដែលជា ហេតុនាំឱ្យរលេះបាក់នូវក្បាច់រចនារបស់ប្រាសាទ ។ ទន្ទឹមនឹងនោះដែរក៏មានសំណង់សម័យថ្មីជាច្រើននៅជុំវិញប្រាសាទ ផ្នែកខាងកើត ។ សំណង់ទាំងនេះមានកុដិព្រះសង្ឃ ខ្ទមសំណាក់ធម៌របស់យាយជី តាជី សាលាឆាន់ ព្រះវិហារ និងស្លាកស្នាមសំណង់បាក់បែកមួយចំនួនទៀតអំពីស៊ីម៉ង់ត៍ប្រហែលជា សាងសង់តាំងពីសម័យបារាំង ។
ការខូចខាតរបស់ប្រាសាទភ្នំក្រោមអាចបណ្ដាលមកពីកត្ដាជាច្រើនដូចជា ៖
ប្រាសាទភ្នំក្រោមកសាងនៅជាប់នឹងទន្លេសាប បណ្ដាលឱ្យប្រាសាទនេះ មានសំណើមច្រើនគ្រប់ពេលវេលា ។ សំណើមនេះបានបក់មកពីបឹងទន្លេសាប ជាពិសេសដោយអាកាសធាតុរបស់ប្រទេសកម្ពុជាក្ដៅហើយសើមទៀតធ្វើឱ្យថ្ម មានសភាពសើមស្ងួតរីករួមៗជាកត្ដានាំឱ្យថ្មភក់ពុកផុយ ុទឹកភ្លៀង (ទឹកភ្លៀងមានជាតិអាស៊ីត) ហូរចូលទៅផ្នែកខាងក្រោមនៃគ្រឹះប្រាសាទច្រោះដី និងថ្មបាយក្រៀមធ្វើឱ្យពុកផុយលែងរឹងមាំដែលជាហេតុបណ្ដាលឱ្យ គ្រឹះប្រាសាទត្រូវបាក់ស្រុតតួប្រាសាទត្រូវហែកបាក់ធ្លាក់ជា អន្លើៗ ,រុក្ខជាតិជា មូលហេតុសំខាន់មួយដែរដែលធ្វើឱ្យប្រាសាទហែកបាក់ ធ្លាក់ដោយឫសវាបានចាក់ចូលទៅក្នុងមុខតំណថ្ម ។
ពេលណាឫសធំឡើងវាធ្វើឱ្យហើបប៉ើងថ្មបាក់ធ្លាក់,ប្រចៀវដែលចូលទៅ រស់នៅក្នុងប្រាសាទហើយជុះនោម អាចម៍ ដែលមានជាតិប្រៃហូរធ្លាក់តាមជញ្ជាំងប្រាសាទក៏ធ្វើឱ្យថ្មពុក ផុយដែរ …។ ក្រៅពីការបំផ្លាញដោយធម្មជាតិ សត្វ ក៏នៅមានមនុស្សដែល ជាហេតុនាំឱ្យប្រាសាទត្រូវខូចខាតដែរដូចជាការគាស់កកាយដាប់យក រូបចម្លាក់ទៅលក់ ឬក៏យកទីតាំងសម្រាប់ធ្វើសឹកសង្គ្រាមកាលពីអតីតកាល ៕
ដោយ ៖ ដេវីត