ចម្ការស្ត្រប៊ើរី និង ផ្លែប៉ោម មួយកន្លែងត្រូវបានកូនខ្មែរពីរនាក់ដាំបានជោគជ័យ
មានការភ្ញាក់ផ្អើលមួយដោយមានកសិករខ្មែរចំនួនពីរូបបានបង្ហាញពីសមត្ថភាពរបស់ពួកគេដោយបានដាំ ផ្លែស្ត្រប៊ើរី និង ផ្លែប៉ោម នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ទទួលបានជោគជ័យ ដែលពីមុនមកពុំដែលមានអ្នកដាំទទួលបានជោគជ័យបែបនេះឡើយ ។ កសិដ្ឋាននោះមានម្ចាស់ ឈ្មោះ អ៊ូច សំបូរ និង លោក carlos Ezjquerra អ្នកឯកទេសមកពីប្រទេសអេស្ពាញ ។
កសិដ្ឋាននេះស្ថិតនៅលើទីវាលខ្ពស់នៃជម្រាលភ្នំត្រងោលក្នុង ភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ចម្ការស្ត្រប៊ើរី និង ប៉ោម រាប់សិបរងហាក់បានបង្ហាញសោភ័ណទាក់ទាញចំណាប់អារម្មណ៍នៅលើដីព្រៃ ដែលមានភាពស្ងប់ស្ងាត់ពីអតីតកាលឱ្យក្លាយជាមានមនុស្សអ៊ូអរវិញ ។
លោក អ៊ូច សំបូរ ជាម្ចាស់ចម្ការស្ត្រប៊ើរី ម្នាក់ បាននិយាយថា លោកបានផ្ដួចផ្ដើមគំនិតដាំរុក្ខជាតិបែបបស្ចិមនេះជាមួយអ្នកបច្ចេកទេសជនជាតិអេស្ប៉ាញ ហើយក្រោយពីបរាជ័យម្ដង ពួកគេបានផ្ដើមជាថ្មីដោយពេលនេះ ស្ត្រប៊ើរីកំពុងតែហុចទិន្នផលជារៀងរាល់សប្ដាហ៍ ។ ក្រោយពីការសាកល្បងទទួលបានជោគជ័យ យើងនឹងប្រើដីរបស់យើង ដែលមានស្រាប់ទាំង ៦ ហិកតាដាំស្ត្រប៊ើរីទាំងអស់ ហើយយើងក៏គ្រោងលើកសំណើរសុំដីអភិវឌ្ឍន៍ប្រមាណពី ៣០ ទៅ ៤០ ហិកតាជាមួយលោកអភិបាលខេត្ដផងដែរ ។ លោកសាស្ដ្រាចារ្យវ័យ ៣៤ ឆ្នាំរូបនេះ បានអះអាងថា នៅពេលទិដ្ឋភាពចម្ការស្ត្រប៊ើរី ចេញផ្លែផ្កាព្រោងព្រាត វាប្រាកដជានឹងអាចទាក់ចិត្ដប្រជាជនខ្មែរមកទស្សនា និង ភ្លក្សរសជាតិដំណាំកម្រនេះលើទឹកដីខ្លួនជាមិនខាន។
សម្រាប់អ្នកឯកទេសកសិកម្មមកពីអេស្ប៉ាញ លោក Carlos Ezquerra ដែលបាននាំចូលពូជស្ត្រប៊ើរី ពីប្រទេសរបស់ខ្លួន បានឱ្យដឹងដែរថា ប្រជាជនកម្ពុជាពិតជាចាប់អារម្មណ៍ចង់ឃើញដំណាំកម្រ ដូចជា ស្ត្រប៊ើរី ដុះលើទឹកដីខ្លួន ហើយពួកគេក៏ហ៊ានចំណាយប្រាក់ពី ១០ ទៅ ១៥ ដុល្លារក្នុងមួយគ្រាប់ដើម្បីភ្លក្សរសជាតិរបស់វាដែរ ។ បច្ចុប្បន្ន ដោយសារតែភ្ញៀវក្នុងស្រុកចាប់អារម្មណ៍នឹងដំណាំស្ត្រប៊ើរី នេះខ្លាំង នៅតាមហាងនានាតែងតែកុម្ម៉ង់ទិញតិចក្ដី ច្រើនក្ដីជាហូរហែ។ តែយើងទើបទទួលបានផលតិចតួច ដែលស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។ សង្ឃឹមថា នៅឆ្នាំក្រោយៗទៀតយើងនឹងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាមតម្រូវការ។ ការទទួលផ្លែផ្កានេះ ជាការរួមចំណែកក្នុងវិស័យកសិទេសចរណ៍ ដែលអាចឱ្យចម្ការ ស្ត្រប៊ើរី និង ប៉ោម អាចអន្ទងចិត្ដភ្ញៀវ ជាពិសេស អ្នករស់នៅក្នុងទីក្រុងដ៏អាប់អួ មកគន់ចម្ការដំណាំ និង ភ្លក្សរសជាតិផ្លែឈើដ៏កម្រនេះ ក្រោមសម្រស់ធម្មជាតិនៃព្រៃភ្នំបឹងបួ ស្រុកយើងនេះមិនបាច់ទៅបរទេសឡើយ ៕
ដោយ ៖ សុថាត់