សម្រស់ទឹកជ្រោះព្រះនិម្មិតមានភាពទាក់ទាញគ្រប់រដូវកាល !
ទឹកជ្រោះ ព្រះនិម្មិតជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញមួយ នៅព្រំដែន កម្ពុជា និង ឡាវ អ្វីនៅពេលលោកអ្នក ធ្វើដំណើរទៅជិតដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ លោក អ្នកប្រាកដជាបានឮសូរសន្ធឹកទឹកហូរកាត់ផ្ទាំងថ្មតូចធំ លាយឡំនឹងសម្រស់ព្រៃភ្នំដ៏ខៀវស្រងាត់ ពិតជាគួរឱ្យចង់គយគន្ធក្រៃលែង ។
ទេសភាពដ៏ស្រស់បំព្រងនេះកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅកម្សាន្តនៅតំបន់ទេសចរណ៍នាប៉ែកឦសាននៃប្រទេសកម្ពុជា មួយនេះ។ រមណីយដ្ឋានទឹកជ្រោះព្រះនិមិ្មត ដែលនៅជាប់ព្រំប្រទល់កម្ពុជា-ឡាវ គឺស្ថិតនៅក្នុងសហគមន៍ព្រៃឈើព្រះលាន ឃុំបំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។ បើធ្វើដំណើរពីទីរួមខេត្តព្រះវិហារឆ្ពោះទៅកាន់រមណីយដ្ឋាននេះ ត្រូវឆ្លងកាត់ផ្លូវជាតិលេខ ៦៤ និង ផ្លូវលំចម្ងាយប្រមាណជា ១៧០ គីឡូម៉ែត្រ។ តែបើធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែងទៅកាន់ទីកន្លែងទឹកជ្រោះព្រះនិមិ្មតនេះ មានចម្ងាយប្រមាណជា ៧០ គីឡូម៉ែត្រ។
មិនថាខែប្រាំ ឬ វស្សានោះទេ ទឹកជ្រោះព្រះនិម្មិតមានការទាក់ទាញជានិច្ច ទេសភាពនៅទីនោះមានការផ្លាស់ប្តូរទៅតាមរដូវកាល ។ នៅរដូវវស្សាសន្ទុះទឹកហូរខ្លាំង ផ្ទៃទឹកជ្រោះទាំងមូលមានទឹកល្ហរល្ហេវ ឯនៅរដូវប្រាំងវិញ ទឹកហូរកាត់ផ្ទាំងថ្មបង្កើតបានជាទេសភាពគួរជាទីគយគន្ធក្រៃលែង។ នៅពេលទៅកម្សាន្តនៅទីនោះលោកអ្នកអាចទៅ ងូតទឹកកោះធា ប្រទេសឡាវ ពិសារអាហារថ្ងៃត្រង់តាមមាត់ទន្លេព្រំប្រទល់ខ្មែរ-ឡាវ-ទស្សនាទឹកធ្លាក់ព្រះនិម្មិតទស្សនា វត្តល្បាក់ខោនព្រះនិម្មិត និង គយគន់ព្រះអាទិត្យរៀបលិចយ៉ាងស្រស់ស្អាតទៀតផង៕
ដោយ÷សុថាត់