អត់ដែលដឹងសោះថា នៅខេត្តព្រះវិហារមានទឹកធ្លាក់ស្រស់ស្អាតបែបនេះ !
បើលោកអ្នកបានទៅដល់ទឹកដីខេត្តព្រះវិហារ លោក អ្នក ក៏គួរប្តូរបរិយាកាសពីការទស្សនា ទេសចរណ៍បែបវប្បធម៌ទៅជាការទស្សនា ជាមួយធម្មជាតិនៃតំបន់ភ្នំត្បែងមានជ័យ ដែលមានទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង ធ្វើឱ្យអារម្មណ៍របស់លោកអ្នកមានភាពសប្បាយរីករាយជាមួយនឹងទេសភាពធម្មជាតិយ៉ាងសម្បូរបែបនៅទីនោះ។ ជាមួយគ្នានោះ បើលោក អ្នកក្រឡេកមើលទៅលើកំពូលភ្នំ គេនឹងឃើញពពកអ័ព្ទអណ្តែតមីដេដាស ពាសពេញកំពូលភ្នំ ហើយអាកាសធាតុក៏ត្រជាក់ថែមទៀត នៅពេលលោកអ្នកឡើងទៅដល់កំពូលភ្នំ ។ លោកអ្នកអាចធ្វើដំណើរមកដល់ជើងភ្នំប្រហែលម៉ោង ៧ព្រឹក ក្រោយពីអាហារពេលព្រឹក លោកអ្នកបានជួបនឹងអ្នកនាំផ្លូវរ ហើយចាប់ផ្តើមការធ្វើដំណើរផ្សងព្រេងឡើងភ្នំត្បែងមានជ័យ ។
ការធ្វើដំណើរលើផ្លូវមានភាពលំបាកដោយអន្លើរ ព្រោះវាមានលក្ខណៈចោតខ្លាំង តែមានរុក្ខជាតិដុះសងខាង អាចឱ្យយើងតោងឡើងបាន ហើយវាជាផ្លូវចាស់ ដែលគេឡើងចុះច្រើន ដូច្នេះមិនជាពិបាកពេកទេ។ កាធ្វើដំណើរឡើងលើភ្នំគឺត្រូវចំណាយពេលជាងមួយម៉ោងទើបបានទៅដល់កំពូលភ្នំ ។ ដោយសារអាកាសធាតុត្រជាក់ ការធ្វើដំណើរហាក់មិនសូវមានអារម្មណ៍ថា នឿយហត់នោះទេ ផ្ទុយទៅវិញទេសភាពនោះទីនោះមានសម្រស់លើសពីការរំពឹងទុក ព្រោះអ័ព្ទគ្របដណ្តប់ពាសពេញព្រៃ ប្រៀបដូចជាយើងកំពុងធ្វើដំណើរក្នុងព្រៃជ្រៅដូច្នេះដែរ។
បន្ទាប់មក ត្រូវបន្តដំណើរប្រហែលជាកន្លះម៉ោងទៀត ទើបលោកអ្នកបានទៅដល់ ទឹកធ្លាក់មួយនេះ ហើយអ្នកនាំផ្លូវហៅវាថា ទឹកធ្លាក់កណ្តុរស។ ទេសភាពស្រស់ស្អាតខ្លាំងណាស់ លើសពីអ្វីដែលយើងអាចពិពណ៌នាបាន ហើយក៏ស្រស់ស្អាតជាងរូបភាព ដែលយើងបានផ្តិតរាប់រយដងទៅទៀត។ ទឹកធ្លាក់នេះមាន២ដំណាក់ យើងត្រូវធ្វើដំណើរាឡើងពីដំណាក់ទីមួយ មានកម្ពស់ប្រហែលជា៥-៦ម៉ែត្រ យើងអាចឡើងទៅជាន់ខាងលើតាមផ្លូវខាងឆ្វេងទឹកធ្លាក់។ពេលលោក អ្នក ឡើងទៅដល់ខាងលើ លោក អ្នកអាចមើលឃើញទឹកធ្លាក់ដែលនៅឆ្ងាយប្រមាណជា ៣០ទៅ៤០ម៉ែត្រ ហូរធ្លាក់ពីផ្ទាំងថ្មខាងលើ ហូរចាក់តាមថ្មជាដំណាក់តូចៗ រហូតមកដល់ជាន់ទី២ មានរុក្ខជាតិតូចធំ គ្រប់ប្រភេទដុះត្រៀបត្រា អមសងខាងបង្កើតបានជាទេសភាពធម្មជាតិដ៏ប្រណិត ។ អ្វីដែលគួរឱ្យកត់សម្គាល់ នៅទីនោះពុំមានសំរាម ឬកាកសំណល់ពីមនុស្សនោះទេ ព្រោះមិនសូវមានមនុស្សមកដល់តំបន់នោះទេ៕
ដោយ÷សុថាត់ (ប្រភពៈពនេចររូបថត )