បុណ្យសមុទ្រខេត្តកោះកុង ចាប់ផ្ដើមហើយ !
ពិធីបុណ្យសមុទ្រលើកទី ៧ នៅខេត្តកោះកុង បានចូលមកដល់ហើយ ចាប់ពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណី» ហើយក៏មានការអញ្ជើញចូលរួមបើកជាផ្លូវការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺនៅ ថ្ងៃទី ១៤-១៥-១៦ ខែធ្នូ នេះ ។
មកដល់ពេលនេះ ផ្ទះសំណាក់ និង សណ្ឋាគារ នៅក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង ត្រូវបានភ្ញៀវទេសចរជួល និង កក់ទុកជិតពេញអស់ហើយ មានតែនៅតាមជាយៗក្រុងតិចតួចប៉ុណ្ណោះ ប៉ុន្តែភ្ញៀវទេសចរនៅមានជម្រើសទៅស្នាក់នៅខេត្តត្រាត ប្រទេសថៃក៏បានដែរ ។ សម្រាប់ភ្ញៀវទេសចរដែលចង់ទៅស្នាក់នៅ និង ទស្សនាកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (Copy) មកជាមួយឱ្យបានស្រេច ។
ប្រជាពលរដ្ឋខ្មែរ ដែលទៅលេងបុណ្យសមុទ្រ ក្នុងរយៈពេល ៣ ថ្ងៃ ដែលគ្មានលិខិតឆ្លងដែន ក៏អាចឆ្លងទៅលេងដល់ខេត្តត្រាត ប្រទេសថៃបានដែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណទៅជាមួយ ។ បើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណសម្គាល់យានយន្ត និង ប័ណ្ណបើកបរ ហើយបើមានក្មេងតូចៗទៅជាមួយត្រូវយករូបថតទៅផង ពោលគឺមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន តែបើមានលិខិតឆ្លងដែនក៏គួរយកតាមផងកាន់តែងាយស្រួល ។
តាមការរំពឹងទុក ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច ៩ ម៉ឺននាក់ ។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តកោះកុង ក៏បានសហការគ្នារៀបចំតំបន់រមណីយដ្ឋាន ទេសចរណ៍មួយចំនួនទៀត សម្រាប់ត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យសមុទ្រផងដែរ ៕
ដោយ៖សុថាត់