ខេត្តកោះកុងមានសក្តានុពលទេសចរណ៍ដល់ម្ល៉ឹងផង !
កោះកុង ជាខេត្តមួយនៅជាប់ឆ្នេរសមុទ្រ ស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តកោះកុង មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ ខេត្តកំពត និង ខេត្តព្រះសីហនុ ខាងត្បូង និង ខាងលិចជាប់នឹងឈូងសមុទ្រថៃ ។
ខេត្តកោះកុង មានចម្ងាយ ២៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ និង ៤៨ កាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ ។ ខេត្តកោះកុង មានផ្ទៃដីទំហំ ១១ ១៦០ គីឡូម៉ែត្រការ៉េ ជាប់លំដាប់ទី ៦ បណ្តាផ្ទៃដីនៃរាជធានីខេត្តទាំង ២៥ ។ កោះកុង មានក្រុងខេមរភូមិន្ទ និង ឆ្នេរសមុទ្រប្រវែង ៣៣៤ គីឡូម៉ែត្រ ។
ខេត្តកោះកុង ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាលមួយ នៃបណ្តាខេត្តទាំងបួននៅតាមឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះនាទិសនិរតី ខេត្តនេះមើលទៅដូចឋានសួគ៌លើដី ។ មនុស្សម្នា និងទេសចរជាច្រើន ពិតជាចាប់ចិត្តក្រៃលែងនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង សមដូចបទចម្រៀងដ៏ល្បីមានចំណងជើងថា “សម្រស់កោះកុង” ដែលបកស្រាយដោយលោក ស៊ីន ស៊ីសាមុត និង បទ “ឆ្នេរខ្សាច់កោះកុង” ដែលបកស្រាយដោយលោក ស៊ីន ស៊ីសាមុត និង អ្នកស្រី ប៉ែន រ៉ន ។
នៅចុងសប្តាហ៍ឬវិស្សមកាល លោកអ្នកគួរឆ្លៀតឱកាសធ្វើដំណើរទៅខេត្តកោះកុង ដើម្បីទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រចេតិយឃុនឆាង-ឃុនផែន ឆ្នេរប៉ាក់ខ្លង រមណីយដ្ឋានធម្មជាតិពាមក្រសោប រមណីយដ្ឋានចាំយាម រមណីយដ្ឋានក្បាលឆាយ រមណីយដ្ឋានម៉ារីណា រមណីយដ្ឋានទឹកធ្លាក់តាតៃ ផ្ទះស មាត់ស្ទឹងតាតៃ ផ្ទះអណ្តែតតាមដងស្ទឹងតាតៃ រមណីយដ្ឋានអេកូទេសចរណ៍អារ៉ែង រមណីយដ្ឋានអេកូទេសចរណ៍ជីផាត រមណីយដ្ឋានវិស្សមកាលតារាសាគរ ឧទ្យានជាតិបទុមសាគរ កោះស្តេច កោះស្មាច់ កោះមូល កោះកាពិ កោះរីករាយ កោះឆាន់ កោះអណ្ដើក កោះអំពិលតូច កោះអំពិលធំ និងផ្សារដងទង់។ ពេលទៅដល់ទីនោះ កុំភ្លេចចូលរួមអភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍ និង អភិរក្សបរិស្ថាន ៕
ដោយ៖សុថាត់