ទឹកធ្លាក់ អូរពក ភ្នំដងរែកពិតជាស្រស់ស្អាតគ្មានពីរ !
ទឹកធ្លាក់ស្រស់ស្អាតមួយ ដែលសំងំលាក់ខ្លួននៅជើងភ្នំដងរែក ខេត្តឧត្តេមានជ័យ មានអ្នកក្នុងតំបន់នោះតិចតួចណាស់បានស្គាកល់ បានដឹង និង កម្រមានអ្នកពីចម្ងាយបានទៅស្គាល់ទីនោះណាស់។ ទឹកធ្លាក់ អូរពកនេះ មានចម្ងាយ ប្រមាណជា ៧០០ ម៉ែត្រពីផ្លូវធំ ដែលយើងអាចចូលទៅកាន់កន្លែងនោះបានតាមផ្លូវក្រោយវត្តព្រះពុទ្ធមេត្តា នៅខាងឆ្វេងដៃប្រមាណជា ៥ គីឡូមែត្រ មុននឹងដល់ច្រកអូរស្មាច់។
បើចង់ធ្វើដំណើរទៅកម្សាន្តនៅរមណីយដ្ឋាននោះ គឺត្រូវចាប់ផ្តើមចេញដំណើរដោយថ្មើរជើងពីវត្តទៅ កាត់ចម្ការស្វាយ និង ចម្ការដំឡូងប្រមាណជា ២៥០ ម៉ែត្រ យើងនឹងដល់វាលស្បូវយ៉ាងក្រាស់ ដែលតម្រូវឱ្យយើងវែកផ្លូវដើរតាមគន្លងផ្លូវចាស់ដែលគេដើរ ។ បន្តដើរតាមគន្លងនោះឡើងទៅជើងភ្នំ ដែលមានថ្មរដិបរដុប ព្រៃឬស្សី និង ដើមឈើដុះចាក់សងខាងផ្លូវដើរ យើងនឹងបានទៅដល់ទឹកហូរតាមគន្លាតថ្មជាច្រើនដំណាក់។ មកដល់ត្រង់នេះយើងត្រូវបត់ទៅខាងស្តាំ ដែលជាផ្លូវឡើងចំណោតស្របតាមបណ្តោយស្ទឹងប្រមាណជា ៥០ ម៉ែត្រប៉ុណ្នោះ យើងនឹងប្រទះឃើញទឹកធ្លាក់កម្ពស់ប្រមាណជា១០ម៉ែត្រនោះជាមិនខាន។
និយាយអំពីទិដ្ឋភាពនៃទឹកធ្លាក់ អូរពកនោះវិញ គឺនៅមានលក្ខណៈធម្មជាតិច្រើន ដែលយើងឃើញមានកំណាត់ឈើដែលហូរធ្លាក់មកតាមទឹក និងដើមឈើបាក់នៅតាមបណ្តោយទឹកជ្រោះនៅរាយប៉ាយពាសពេញ។ ផ្នែកខាងលើជាស្ទឹងតូចមួយ មានទឹកហូរកាត់តាមគន្លាតថ្មរដិបរដុប ជាថ្នាក់តូចៗ រហូតដល់ល្បាក់កម្ពស់ប្រមាណជា ១០ ម៉ែត្រ និង បន្តហូរទៅផ្នែកខាងក្រោម។ ខាងក្រោយទឹកធ្លាក់ ជាពើងធំមួយ ដែលយើងអាចចូលទៅខាងក្រោមទឹកធ្លាក់បាន។
គួររំលឹកផងដែរថា ទឹកធ្លាក់ភាគច្រើននៅតំបន់ភ្នំដងរែកនេះ គឺមានតែក្នុងរដូវវស្សាសំបូរទឹកតែប៉ុណ្នោះ ដូច្នេះយើងមិនរំពឹងថា នៅក្នុងខែប្រាំង នឹងមានទឹកធ្លាក់នៅទីនោះទេ ព្រោះនៅពេលដែលយើងបានទៅដល់ទីនោះក្នុងខែវិច្ឆិកា ស្ទើរតែលែងមានទឹកហូរទៅហើយ។ មួយវិញទៀត យើងបានសង្កេតឃើញថា មានសំរាមមួយចំនួន ដែលបានបន្សល់ទុកនៅទីនោះ ពីសំណាក់អ្នកដែលបានទៅលេងមុនៗ ធ្វើឪ្យមានការប៉ះពាល់ដល់សោភណ្ឌភាពធម្មជាតិរបស់ទឹកធ្លាក់ ដូច្នេះសូមចងចាំថា រាល់កន្លែងណា ដែលយើងទៅលេង សូមបន្សល់ទុកតែអនុស្សាវរីយ៍ល្អៗ និងយកមកវិញឱ្យអស់នូវកាកសំណល់សំរាមរបស់យើងទាំងអស់គ្នា៕
ដោយ÷សុថាត់(ប្រភពៈពនេចររូបថត)