ទៅខេត្តកោះកុង កុំភ្លេចទៅលំហែកាយនៅកោះស្តេច
ភ្ញៀវទេសចរទាំងឡាយ កាលបើបានទៅដល់ក្រុងខេមរភូមិន្ទនៃទឹកដីខេត្តកោះកុងហើយនោះ ច្រើនតែមើលរំលងកោះស្តេច ។ តាមពិតកោះស្តេចគឺជារម្មណីយដ្ឋានដែនកោះ ដ៏អស្ចារមួយ ដែលកម្ររកទីណាមកប្រដូចទីនេះណាស់ បើភ្ញៀវទេសចរបានទៅទស្សនានៅទីនោះហើយ មុខជាមានអារម្មណ៍ប្លែកនិងសប្បាយរីករាយឥតឧបមា ដោយមានទេសភាពយ៉ាងស្រស់ស្អាត និង ឆ្នេរខ្សាច់យ៉ាងសក្បោះគួរឱ្យចង់គយគន់ក្រៃលែង ។
កោះស្តេចគឺជាទីប្រជុំកោះមួយ ដែលមានភូមិដ្ឋានអ្នកនេសាទរស់នៅប្រកបរបរចិញ្ចឹមជីវិតនិងគ្របដណ្តប់ ដោយមហាសាគរដ៏ធំល្វឹងល្វើយនៃដែនសមុទ្រ ខេត្តកោះកុង ។ នៅជុំវិញកោះស្តេចប្រកបទៅដោយសម្រស់ទេសភាពឆ្នេរខ្សាច់សស្អាត និង ប្រព័ន្ធជីវចម្រុះសមុទ្រដ៏ស្រស់បំព្រង ដែលជាក្តីប្រាថ្នារបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនិយមទៅកម្សាន្តលេងនៅទីនោះ ។
កោះស្តេចនេះ មានទីតាំងស្ថិតនៅក្នុង ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទីនោះគឺត្រូវចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែ ទេសចរណ៍ខេត្តកោះកុងទៅកាន់កោះស្តេច ដែលមានចម្ងាយជាង ៨១ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ឬក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន ។
នៅពេលកំពុងធ្វើដំណើរដោយការជិះ ទូករបស់សហគមន៍ទេសចរណ៍នេះដែរ គឺភ្ញៀវទេសចរតែងតែមិនភ្លេចឡើយនូវការចោលក្រសែភ្នែកគយគន់ផ្ទៃទឹកសមុទ្រឆ្ងាយផុតកន្ទុយភ្នែកឃើញមានប្រជុំកោះជាច្រើនផុសឡើងនៅកណ្តាលមហាសាគរល្ហល្ហេវដែលលម្អទៅដោយទេសភាពផ្ទៃទឹកពណ៌បៃតងខ្ចីគួរឱ្យរីករាយបំផុតសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍នោះ។
កោះស្តេចដែលលម្អទៅដោយឆ្នេរខ្សាច់ពណ៌សស្រស់ប្រកបដោយភាពស្ងប់ស្ងាត់ និង ស្រស់ស្អាតបន្ទាប់មកភ្ញៀវបានទៅទស្សនាកោះនានានៅក្បែរៗនោះ ដែលលាតសន្ធឹងធំល្វឹងល្វើយនិងព័ទ្ធជុំវិញទៅដោយផ្ទៃជលសារពណ៌ខៀវស្រងាត់ និង មានភូមិដ្ឋានអ្នកនេសាទនៅលើដែនកោះនេះយ៉ាងមានរបៀបរៀបរយ ដោយមានអាជ្ញាធរគ្រប់គ្រងត្រឹមត្រូវ ។ អ្នកភូមិកោះស្តេចដែលរស់នៅលើកោះស្តេចនេះមានជីវភាពរស់នៅយ៉ាងសកម្មបំផុត និង អាជីពជាអ្នកនេសាទ និង បម្រើសេវាកម្មទេសចរណ៍ដើម្បីចិញ្ចឹមជីវិត។
កោះស្តេចវាជាកោះមួយនៅដាច់ស្រយាលពីដែនកោះដទៃទៀត ដែលមានទេសភាពរួមផ្សំជាមួយនឹងធនធានធម្មជាតិមានផ្កាថ្មត្រីសមុទ្រគ្រប់ប្រភេទគួរឱ្យគយគន់មិនបានធ្វើឱ្យកោះស្តេចនោះមានភាពឯកោនិង នៅដាច់ស្រយាលទៀតឡើយ ៕
ដោយ៖សុថាត់ (រូបថតៈPu Smey)