ប្រាសាទ«លាក់នាង»មានរឿងប្រវត្តិពាក់ព័ន្ធបែបនេះផង !
ប្រាសាទ លាក់នាង ជាប្រាសាទតូចមួយ ស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជ្រុងឥសាននៃប្រាសាទប្រែរូប។
បើតាមសិលាចារឹកចារនៅលើមេទ្វារ បញ្ជាក់ពីការស្ថាបនាឆ្នាំ ៩៦០ គ្រិស្តសករាជ បែរមុខទៅទិសខាង កើត។ គេមិនបានដឹងពីឈ្មោះបុរាណ ឬ មុខងារឧទ្ទិសថ្វាយទេពណាឡើយ តែស្ថិតក្នុងរជ្ជកាលព្រះបាទ រាជេន្ទ្រវម៌្មទី ២ (៩៤៤ ដល់ ៩៦៨គស) ។
នៅលើមេទ្វារទាំងពីរនៃប្រាសាទ គេសង្កេតឃើញមានសិលាចារឹក ដោយមេទ្វារខាងត្បូងចុះកាលបរិច្ឆេទ ឆ្នាំ ៨៨១ សករាជត្រូវនឹងឆ្នាំ ៩៦០ គ្រិស្តសករាជ ។
ចំណែកមេទ្វារខាងជើងវិញ ជាអត្ថបទសរសេរបន្តពីមេទ្វារខាងត្បូង និយាយពី ព្រះរាជបញ្ជារបស់ ព្រះមហាក្សត្រ ។
នៅទីនេះបើតាមអ្នកស្រុកមានរឿងតំណាលតៗគ្នាពីរឿងចាស់ព្រេង មួយឈ្មោះ «នាងទន់សាត្រា » ដែលមានឪពុកជាស្តេចដំរីស ។
គេពន្យល់ថា ឈ្មោះ «លាក់នាង» នេះក៏ដោយសារជាទី ដែលស្តេចដំរីសជា ឪពុក សាងឡើងសម្រាប់ លាក់នាង ដែលជាកូននោះ ទុកឱ្យនៅដាច់ឆ្ងាយពីភ្នែកមនុស្សផ្សេងៗ ។ រឿងនេះមានភ្ជាប់តំបន់ប្រវត្តិសាស្ត្រសំខាន់ ២ មួយគឺ តំបន់អង្គរ និងតំបន់ប្រាសាទ កោះកែរ ដ្បិតរឿង ហេតុកើតឡើងចេញអំពីតំបន់អង្គរ ហើយបញ្ចប់ទៅនៅតំបន់កោះកែរ ។ យើងអាចយល់បានថា រឿងរ៉ាវនេះអាចជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរ ប្រហែលនៅកំឡុងសតវត្សទី ១០ ជាប្រព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ពេលដែលព្រះរាជាខ្មែរមួយអង្គបានលើករាជធានីអង្គរ ទៅតាំងទីថ្មីនៅតំបន់ កោះកែរសព្វថ្ងៃ ។
ប្រាសាទ« លាក់នាង» ស្ថិតនៅភាគឦសាននៃប្រាសាទប្រែរូប ក្នុងភូមិត្រែង ឃុំ ព្រះដាក់ ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ។ ប្រាសាទនេះ បានសង់អំពីឥដ្ឋមានទ្វារចូលពីទិសខាងកើត និង ទ្វារ បញ្ឆោតបីទិសផ្សេងទៀត ។ នៅអមច្រកទ្វារខាងកើតមានលម្អសសរពេជ្រថ្មភក់រាងប្រាំបីជ្រុង ទ្រផ្តែរថ្មភក់តុបតែង ដោយព្រះឥន្ទ្រគង់លើដំរីឰរាវ័ណចំកណ្តាលអង្កត់ធ្នូរាងត្រង់ ៕
ដោយ ៖ ដេវីត