ប្រាសាទ ព្រះគោ នៅខេត្តសៀមរាប ជាតង្វាយចំពោះព្រះឥសូរ
ប្រាសាទ ព្រះគោ តែងតែមានភ្ញៀវទៅទស្សនាជាហូរហែឥតដាច់ដោយសារម្យ៉ាងប្រាសាទនោះនៅក្បែរ ផ្លូវផង និង ស្របជាមួយផ្លូវទៅប្រាសាទបាគងផង ហេតុនេះហើយ ឱ្យតែភ្ញៀវធ្វើដំណើរតាមផ្លូវនោះ គឺតែងតែ ឆៀងចូលទៅមើលប្រាសាទព្រះគោនោះដែរ ។
ប្រាសាទព្រះគោត្រូវបានសាងសង់ឡើង នៅក្នុងរាជ្ជកាលព្រះបាទឥន្រ្ទវរ័្មនទី ១ (៨៧៧-៨៨៦) ដោយសាងសង់មុនប្រាសាទបាគង ២ ឆ្នាំ ។ ប្រាសាទនេះ សាងសង់ពីឥដ្ឋ បែរមុខទៅទិសខាងកើត មានកំពែង៣ជាន់ កំពែងខាងក្រៅមានទំហំ ៥០០ ម៉ែត្រ × ៤០០ ម៉ែត្រ និង មានគោបុរៈនៅខាងលិច និង ខាងកើត ដោយស្ថិតនៅភាគអាគ្នេយ៍ចម្ងាយ ១៥ គីឡូម៉ែត្រពីតំបន់ប្រាសាទអង្គរ ។
នៅផ្នែកកណ្ដាលខាងកើតមានរូបគោនិន្ទ ៣ បែរទៅរកប្រាសាទ ។ ចំណែកឯតួប៉មប្រាសាទទាំងអស់៦ សង់លើខឿនតែមួយ ចែកជាពីរជួរ ដោយជួរមុខមានប្រាសាទចំនួន ៣ និង ជួរក្រោយមានប្រាសាទ ចំនួន ៣ ដូចគ្នា ។ ប្រាសាទទាំង៦ នេះគឺព្រះបាទឥន្ទ្រវរ្ម័នទ្រង់សាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះ ឥសូរផង និង ដល់បុព្វការីរបស់ទ្រង់ផងដូចជាប្រាង្គមួយឈ្មោះ ស្រីប ឬថិវីទ្រ្ទេស្វរៈ សម្រាប់ថ្វាយដល់ ព្រះបិតារបស់ទ្រង់ ។
ប្រាង្គស្រីបរមេស្វរៈ សម្រាប់ថ្វាយដល់ ព្រះបិតុលារបស់ទ្រង់ គឺព្រះបាទជ័យវរ្ម័នទី ២ ក្សត្រដំបូងនៃសម័យអង្គរ ។ ប្រាង្គស្រីធរណិន្ទ្រទេវី សម្រាប់ថ្វាយដល់ព្រះមហេសីរបស់ជ័យវរ្ម័នទី ២ ។ ប្រាង្គស្រីរុទ្រេស្វរៈ សម្រាប់ថ្វាយដល់ជីតាខាង ព្រះមាតា ហើយប្រាង្គចុងក្រោយមិនស្គាល់ឈ្មោះសម្រាប់ថ្វាយដល់ជីដូនខាងព្រះមាតា ។
ចំពោះ គោនិន្ទ គឺជាជំនិះរបស់ ព្រះឥសូរ ដែលតែងតែទៅណាមកណា ជាមួយទ្រង់ជាប់រហូត ដូចនេះ ប្រាសាទនេះ ក៏ជាតង្វាយចំពោះព្រះឥសូរ ផងដែរ ដូចដែលមានរូបសំណាកគោនិន្ទ ទាំង ៣ បែរមុខទៅ ប្រាសាទជាសក្ខីភាពស្រាប់ ៕
ដោយ ៖ ដេវីត