រមណីដ្ឋានគិរីថ្មដា សិលាបារមីខេត្តព្រះសីហនុកំពង់ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និង អន្តរជាតិ
គិរីថ្មដា សិលាបារមី គឺជារម្យណីដ្ឋានថ្មីមួយ ស្ថិតនៅក្នុងព្រៃធម្មជាតិ ក្នុងឧទ្យានជាតិព្រះសីហនុរាម ស្ថិតក្នុង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះស៊ីហនុ ដែលមានចម្ងាយ ៩ គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវអន្តរជាតិ ។
លោក ថន វិរៈ ម្ចាស់រមណីដ្ឋានដ្ឋានគីរីថ្មដា សិលាបារមី បានឱ្យដឹងនៅក្នុងពិធីសម្ភោធជាផ្លូវការនាពេលកន្លងមកថា ដោយសារតែការស្រលាញ់នូវធម្មជាតិព្រៃភ្នំគ្រាំថ្ម ក៏ដូចជាដើម្បីលើកស្ទួយលើវិស័យទេសចរណ៍ ដែលខេត្តព្រះសីហនុកំពុងក្លាយទិសដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ានក៏ដូចក្នុងពិភពលោក លោកក៏សម្រេចកសាងនូវរមណីដ្ឋានគីរីថ្មដា សិលាបារមី នេះឡើងដើម្បីជាការទាក់ទាញ និង ស្រូបយកនូវភ្ញៀវទេសចរឱ្យមកកាន់តែច្រើនបន្ថែមទៀត សម្រាប់ខេត្តព្រះសីហនុ ។
រមណីយដ្ឋានថ្មីនឹងអាចទាក់ទាញភ្ញៀវកាន់តែច្រើនឱ្យស្គាល់ដែនដីសមុទ្រ ដែលសម្បូរទៅដោយព្រៃព្រឹក្សា ឆ្នេរសមុទ្រ និង ផ្ទៃសមុទ្រធំល្វឹងល្វើយពណ៌ខៀវស្រងាត់ ។
សម្រាប់ថ្ងៃខាងមុខនេះ ទឹកដីឃុំរាម ដែលមានផ្ទៃក្រឡា ១៣ ០០០ ហិកតា មានប្រជាពលរដ្ឋជាង២០០០គ្រួសារស្មើនឹងមនុស្សជាង ១០ ០០០ នាក់ កំពុងមានចក្ខុវិស័យបង្កើតនូវរមណីយដ្ឋានចំនួន ៣ បន្ថែមទៀត គឺតំបន់ទេសចរណ៍ធម្មជាតិ អេវើគ្រិន តំបន់ទេសចរណ៍បឹងកង្កែប និង តំបន់ទេសចរណ៍ជិះទូកកម្សាន្តព្រែកទឹកសាប ៕
ដោយ៖សុថាត់